(ប៉េកាំង)៖ ការលក់រថយន្តនៅប្រទេសចិន បានបន្តរក្សាមានកំណើនរបស់ពួកគេ ក្នុងឆ្នាំ២០២៤ ខណៈការលក់រថយន្តអគ្គិសនី និង Hybrid នៅក្នុងប្រទេសដែលជាទីផ្សាររថយន្តធំជាងគេបំផុត នៅលើពិភពលោកនេះ បានឡើងដល់កំណត់ត្រាខ្ពស់ ចំពេលមានការប្រកួតប្រជែងតម្លៃយ៉ាងខ្លាំង ជាមួយនឹងការឧបត្ថម្ភធនពាណិជ្ជកម្ម សម្រាប់រថយន្តបៃតង ដែលជំរុញដល់ការទិញ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

កំណើនដ៏លេចធ្លោ នៃការលក់រថយន្តនៅក្នុងប្រទេសចិន ស្របពេលដែលទិដ្ឋភាពការលក់រថយន្តអគ្គិសនី នៅទូទាំងពិភពលោក មានការជាប់គាំងនោះ បានបង្ហាញពីជោគវាសនាល្អ សម្រាប់អ្នកឈ្នះក្នុងស្រុក ដូចជាក្រុមហ៊ុន BYD, Geely និង Xiaomi និងការកើនឡើងពីការរង្គោះរង្គើឧស្សាហកម្ម នៅក្នុងទីផ្សារប្រកួតប្រជែង។

វាក៏បានផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Tesla ផងដែរ ដែលការលក់នៅក្នុងប្រទេសចិន បានឈានដល់កំណត់ត្រាខ្ពស់ ក្នុងឆ្នាំ២០២៤, ដែលផ្ទុយទៅនឹងការធ្លាក់ចុះជារួម នៃការលក់នៅទូទាំងពិភពលោក សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស របស់សហរដ្ឋអាមេរិកនេះ។

ក្រុមហ៊ុនផលិតរថយន្តបរទេសផ្សេងទៀត ដូចជា General Motors, Toyota និង Volkswagen ការលក់បានបន្តចាញ់ក្រុមហ៊ុនក្នុងស្រុក។

ការលក់រថយន្តដឹកអ្នកដំណើរ បានកើនឡើង៥.៣ភាគរយ ដល់ចំនួន២៣.១លានគ្រឿង ក្នុងឆ្នាំ២០២៤ ជាកំណើន៤ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមទិន្នន័យ ពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA)។

ចំណែកការលក់រថយន្តអគ្គិសនី និង Hybrid ដែលគេស្គាល់ថាជារថយន្តថាមពលថ្មី (NEVs) បានកើនឡើង៤០.៧ភាគរយ ស្មើនឹង៤៧.២ភាគរយ នៃការលក់រថយន្តសរុប កាលពីឆ្នាំមុន។

បើទោះបីជាមានកំណើននៃការលក់ក៏ដោយ, ឧស្សាហកម្មរថយន្តរបស់ចិន ត្រូវបានគេមើលឃើញពីភាពយ៉ាប់យ៉ឺន នៃប្រាក់ចំណេញក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ, ជាមួយនឹងប្រាក់ចំណេញនៃការលក់ បានធ្លាក់ចុះនៅត្រឹម៤.៤ភាគរយ ក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២៤ ពី៦.២ភាគរយ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមសមាគម CPCA។

អ្នកផ្គត់ផ្គង់ និងអ្នកចែកចាយ ក៏បានទទួលរងពីសង្គ្រាមតម្លៃដែលរីកកាន់តែធំ ដែលបង្ខំឱ្យពួកគេកាត់បន្ថយតម្លៃសមាភាគបន្ថែមទៀត ឬក៏ផ្តល់ការបញ្ចុះតម្លៃកាន់តែច្រើន៕