(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនឹងពិនិត្យឡើងវិញ នូវការលើកលែងអាករលើតម្លៃបន្ថែម (VAT) ក្នុងវិស័យម្ហូបអាហារមួយចំនួន ដើម្បីសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ខណៈថ្លៃទំនិញជាទូទៅ ជាពិសេសចំពោះម្ហូបអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមានការឡើងថ្លៃ។ នេះបើយោងតាមយុទ្ធសាស្រ្តគៀរគរចំណូល របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលបានចេញផ្សាយនៅខែមករា ឆ្នាំ២០២៥នេះ។
យោងតាមខ្លឹមសារនៃយុទ្ធសាស្រ្តគៀរគរចំណូល របស់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភានេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបន្តអនុវត្តអាករលើតម្លៃបន្ថែមក្នុងអត្រា ១០% លើការផ្គត់ផ្គង់ជាប់អាករលើទំនិញ និងសេវា ដែលបានកំណត់ដោយច្បាប់ ស្តីពីសារពើពន្ធ ដែលតម្លៃជាប់អាករ គឺជាថ្លៃទំនិញ ឬសេវាដែលអ្នកលក់យកពីអ្នកទិញ រួមបញ្ចូលអាករគ្រប់ប្រភេទ លើកលែងអាករលើតម្លៃបន្ថែម ឬតម្លៃគិតពន្ធគយរួមបញ្ចូលទាំងពន្ធគយ និងអាករនានានៅពេលនាំចូល ចំពោះទំនិញនាំចូល។
ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវ ផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩ និងវិបត្តិសម្ពាធអតិផរណា ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន អត្រាអាករលើតម្លៃបន្ថែម មិនមានការកែសម្រួលនោះទេ ខណៈបណ្តាប្រទេសក្នុងតំបន់ ដូចជា ប្រទេសថៃ និងវៀតណាម បានកាត់បន្ថយនូវអត្រាអាករតម្លៃបន្ថែម ដើម្បីសម្រួលបន្ទុកប្រជាពលរដ្ឋ និងជំរុញសកម្មភាព សេដ្ឋកិច្ច លើកលែងតែប្រទេសសិង្ហបុរី ដែលបានដំឡើងអត្រាពន្ធលើទំនិញ និងសេវាពី ៧%ទៅ ៨% ក្នុងឆ្នាំ២០២៣ និង ៩% ក្នុងឆ្នាំ២០២៤ និងប្រទេសឥណ្ឌូនេស៊ី ដែលបានដំឡើងអត្រាពន្ធ ពី១០% ទៅ១១% នៅដើមឆ្នាំ២០២២ និងគ្រោងនឹងដំឡើងទៅ១២% នៅដើមឆ្នាំ២០២៥។
សម្រាប់ប្រទេសកម្ពុជាបានអនុវត្តការលើកលែងអាករលើការផ្គត់ផ្គង់សេវា និងទំនិញមួយចំនួន ក្នុងវិស័យសំខាន់មួយចំនួនដូចជា សេវាអប់រំ សេវាសុខាភិបាល ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹកស្អាត សេវាប្រមូលសំរាម និងកាកសំណល់រឹង និងរាវ សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ សេវាធានារ៉ាប់រង សេវាប្រៃសណីយ៍សាធារណៈ សេវាដឹកជញ្ជូនរបស់រដ្ឋ ។ល។
ទន្ទឹមនេះ ដើម្បីសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ខណៈដែលថ្លៃទំនិញជាទូទៅ ជាពិសេសចំពោះម្ហូបអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមានការឡើងថ្លៃ នាពេលកន្លងមករាជរដ្ឋាភិបាល បានដាក់អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋលើមុខទំនិញ ដែលជាអាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុវត្តអាករលើតម្លៃបន្ថែម តាមអត្រាសូន្យលើការផ្គត់ផ្គង់វត្ថុធាតុដើមផលិតផលកម្ម ដែលផលិតក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក។
តាមរយៈឯកសារនេះបានបញ្ជាក់ថា សម្រាប់វិធានការរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ រាជរដ្ឋាភិបាលនឹងសិក្សាពិនិត្យឡើងវិញ នូវការលើកលែងអាករលើតម្លៃបន្ថែម ក្នុងវិស័យម្ហូបអាហារមួយចំនួន ក៏ដូចជាសិក្សា និងរៀបចំយន្តការដែលកំណត់ជាកាតព្វកិច្ច ចំពោះការប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញ និងសេវាលើថ្នាលឌីជីថល ដោយអ្នកផ្គត់ផ្គង់និវាសនជន និងអ្នកផ្គត់ផ្គង់អនិវាសនជន ដោយធានាភាពមិនត្រួតគ្នានៃការប្រមូលពន្ធ និងពិនិត្យឡើងវិញ នូវការលើកលែងអាករលើតម្លៃបន្ថែម ក្នុងវិស័យម្ហូបអាហារមួយចំនួន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏នឹងពិនិត្យលទ្ធភាព ក្នុងការកែសម្រួលការអនុវត្តអត្រាសូន្យ សម្រាប់ការទិញនូវវត្ថុធាតុដើម ដែលផលិតក្នុងស្រុក ដើម្បីសម្រួលបន្ទុករដ្ឋបាល ក្នុងការបង្វិលសងអាករលើតម្លៃបន្ថែម ទៅកាន់សហគ្រាសផ្គត់ផ្គង់ក្នុងស្រុក តាមរយៈការបង្កើនប្រសិទ្ធភាពនៃយន្តការបង្វិលសងអាករលើតម្លៃបន្ថែម។
កន្លងមកការអនុវត្តអាករលើតម្លៃបន្ថែមនៅកម្ពុជា នៅតែមានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលទាមទារឱ្យមានការពិនិត្យឡើងវិញ រួមមាន៖ ១)-ការបង្វិលសងអាករលើតម្លៃបន្ថែម មិនទាន់បានឆ្លើយតប តាមការស្នើសុំ និងមានភាពយឺតយ៉ាវ បើទោះបីជារយៈពេលនៃការបង្វិលសង ត្រូវបានកាត់បន្ថយ ដែលការណ៍នេះផ្តល់ផលប៉ះពាល់ដល់រំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសស្នើសុំបង្វិលសង ២)- ការអនុវត្តអាករលើតម្លៃបន្ថែមលើការផ្គង់ផ្គង់ទំនិញ និងសេវាលើថ្នាលឌីជីថលមិនទាន់បានពេញលេញ និង៣)-កង្វះយន្តការវាយតម្លៃប្រសិទ្ធភាព នៃការអនុវត្តអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ និងអនុវត្តអាករលើតម្លៃបន្ថែមតាមអត្រាសូន្យ៕