(ភ្នំពេញ)៖ ប្រទេសចិនបានឈរលំដាប់លេខ ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ ៣.៤៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ។

របាយការណ៍នេះបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥០%នៃទុនវិនិយោគសរុបដែលកម្ពុជាទទួលបាន ៦.៩ពាន់លានដុល្លារអាមេរិក។

ចំណែកកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ៣៤% ក្នុងទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ ខណៈវៀតណាមស្ថិតនៅលេខរៀងទី៣ រួមចំណែក៨% ក្នុងទំហំទឹកប្រាក់ ០.៥៥ពាន់លានដុល្លារ។ តាមពីក្រោយវៀតណាម គឺប្រទេសសិង្ហបុរី ដែលមានចំណែកវិនិយោគ ៣.៨៣% , កោះ Cayman មានចំណែក ០.៧១% និងម៉ាឡេស៊ី មានចំណែកវិនិយោគ ០.៦៥%។

បើតាម CDC នៅឆ្នាំ២០២៤ កម្ពុជាទទួលបាន គម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ៦ .៩ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន១៤៦គម្រោងក្នុងនោះគម្រោងវិនិយោគថ្មីចំនួន៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត២ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងអាចបង្កើតការងារបានប្រមាណជិត៣២ម៉ឺនកន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំង៤១៤ គម្រោង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។

វិស័យដែលទទួលបានការវិនិយោគច្រើនជាងគេក្នុងឆ្នាំ២០២៤ រួមមាន វិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងវិស័យកសិកម្ម-កសិឧស្សាហកម្ម។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់បន្ថែមថា «ក្នុងឆ្នាំ ២០២៤ នេះ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤.៨ ពាន់លានដុល្លារអាមេរិក ដែលចូលរួមចំណែក៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ១១០% ធៀបនឹងឆ្នាំ២០២៣។

ទន្ទឹមនេះ វិស័យកសិកម្ម និងកសិ- ឧស្សាហកម្ម មានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង១២១លានដុល្លារអាមេរិក ស្មើនឹង២%, វិស័យ ទេសចរណ៍ មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ៧៣៨លានដុល្លារអាមេរិក ស្មើនឹង១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង១,៣ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប ៕