(ហូជីមិញ)៖ តម្លៃអង្ករប្រភេទបាក់ ៥% របស់វៀតណាមបានធ្លាក់ចុះមកត្រឹម ៤៣៤ដុល្លារក្នុងមួយតោន ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ៤ឆ្នាំ ដែលបង្កបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុននាំចេញនិងកសិករដាំដុះស្រូវ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់សម្តីរបស់សមាគមស្បៀងអាហារវៀតណាម (VFA) ថា តម្លៃអង្ករប្រភេទបាក់ ៥% របស់ប្រទេសវៀតណាមឥឡូវនេះមានតម្លៃទាបជាងប្រទេសជាគូប្រជែងផ្សេងទៀតដូចជាប្រទេសថៃ (៤៧៩ ដុល្លារ) ឥណ្ឌា (៤៤០ ដុល្លារ) និងប៉ាគីស្ថាន (៤៤៨ ដុល្លារ) ក្នុងមួយតោន។

កសិករដាំដុះស្រូវវៀតណាមម្នាក់ឈ្មោះ ហ័ង នៅទីក្រុងកាន់ថូ បានប្រាប់កាសែត VN Express ថា គាត់មានក្តីបារម្ភអំពីដំណាំស្រូវនៅរដូវរងា ដែលនឹងប្រមូលផលនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីចិននិងវៀតណាមដែលទិន្នផលស្រូវនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី២៩ ខែមករា ឆ្នាំនេះ។ លោកបារម្ភថា ការធ្លាក់ចុះតម្លៃអង្កជាបន្តអាចនាំឱ្យមានការខាតបង់សម្រាប់គ្រួសាររបស់លោកដោយសារការចំណាយលើការដាំដុះខ្ពស់។

លោក ហ័ង មានប្រសាសន៍ថា៖ «ការធ្លាក់ចុះតម្លៃស្រូវខ្លាំងបានធ្វើឱ្យពាណិជ្ជករស្ទាក់ស្ទើរក្នុងការចុះកិច្ចសន្យាថ្មីដើម្បីទិញស្រូវពីកសិករ»។ លោកបានបន្ថែមថា៖ «ក្នុងពេលនេះកាលពីឆ្នាំមុន ក្រុមហ៊ុនឈ្មួញស្រូវកំពុងកក់ប្រាក់ច្រើនជាបន្តបន្ទាប់ ប៉ុន្តែឥឡូវគ្មានអ្នកណាមកសុំទិញស្រូវទេ។ ពាណិជ្ជករជាច្រើនបានចាប់ផ្តើមសម្រាកបុណ្យចូលឆ្នាំមុនកាលកំណត់ហើយ»

ថ្នាក់ដឹកនាំក្រុមហ៊ុននាំចេញអង្ករមួយរូបនៅក្នុងខេត្តអានយ៉ាង ប្រទេសវៀតណាមបានប្រាប់កាសែត VN Express ថា ក្រុមហ៊ុនរបស់គាត់កំពុងផ្តោតលើការបំពេញកិច្ចសន្យាដែលបានចុះហត្ថលេខាកាលពីមុន។ កិច្ចសន្យាថ្មីសម្រាប់ត្រីមាសទីមួយ និងទីពីរក្នុងឆ្នាំ២០២៥ នេះត្រូវបានពន្យារពេល។

លោកបានពន្យល់ថា៖ «តម្លៃអង្ករមានការប្រែប្រួលជាបន្តបន្ទាប់ ហើយសហគ្រាសមានការប្រយ័ត្នប្រយែងចំពោះការខាតបង់ដែលអាចកើតមាន ប្រសិនបើពួកគេទិញស្រូវក្នុងតម្លៃខ្ពស់»។ លោកថ្លែងទៀតថា៖ «យើងកំពុងតាមដានទីផ្សារ និងតម្រូវការជាក់ស្តែងយ៉ាងដិតដល់ ដើម្បីធ្វើការសម្រេចចិត្តទិញដោយសមហេតុផល»

ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃនាំចេញអង្កររបស់វៀតណាមគឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងដោយសារប្រទេសនាំចូលអង្ករធំៗ ផងដែរដែលកំពុងអនុវត្តគោលនយោបាយកាត់បន្ថយការនាំចូល ជៀសវាងការទិញក្នុងតម្លៃខ្ពស់ និងក្នុងករណីខ្លះសូម្បីតែប្រកាសផែនការបញ្ឈប់ការនាំចូលអង្ករនៅឆ្នាំ២០២៥ ទៀតផង។

អ្នកតំណាងមួយរូបនៃសមាគមស្បៀងអាហារវៀតណាមបាននិយាយថា ប្រទេសហ្វីលីពីននិងឥណ្ឌូនេស៊ី ដែលជាអ្នកទិញអង្ករសំខាន់ពីររបស់វៀតណាមបានបង្កើនការនាំចូលនៅឆ្នាំ២០២៤ ដើម្បីរក្សាស្តុកអង្កររយៈពេលខ្លីសម្រាប់សន្តិសុខស្បៀង។ ជាលទ្ធផល បច្ចុប្បន្នប្រទេសទាំងពីរមិនប្រញាប់ប្រញាល់ទិញអង្ករវៀតណាមទេ ហើយកំពុងរង់ចាំតម្លៃធ្លាក់ចុះទៀត។

ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ប្រទេសឥណ្ឌាក្នុងការចាប់ផ្តើមនាំចេញអង្ករឡើងវិញ គួបផ្សំនឹងការផ្គត់ផ្គង់ច្រើន និងតម្លៃប្រកបដោយការប្រកួតប្រជែងផងដែរនោះ ក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារអង្ករពិភពលោក រួមទាំងវៀតណាមផងដែរ។ សេចក្តីរាយការណ៍នានាបានបង្ហាញថា ប្រទេសហ្វីលីពីនកំពុងចរចាលើកិច្ចសន្យានាំចូលអង្ករបន្ថែមពីប្រទេសឥណ្ឌា។

អ្នកទិញឯកជននៅប្រទេសហ្វីលីពីនតែងតែទិញអង្ករវៀតណាមក្នុងបរិមាណតិចតួចដោយសារសមតុល្យហិរញ្ញវត្ថុ ប្រាក់ចំណូលធៀបនឹងដើមទុន ឬការសងបំណុលធនាគារ ដែលធ្វើឱ្យទីផ្សារកាន់តែធ្លាក់ចុះ។

ក្នុងពេលខាងមុខ ដោយសារដំណាំស្រូវក្នុងរដូវរងាឆ្នាំ២០២៤-២០២៥ ឈានដល់ការប្រមូលផលខ្ពស់បំផុត តម្លៃស្រូវត្រូវបានគេរំពឹងថានឹងប្រឈមនឹងសម្ពាធធ្លាក់ចុះបន្ថែមទៀត។

ក្រុមហ៊ុននាំចេញអង្ករមួយចំនួនបានឱ្យដឹង តម្លៃអង្ករប្រភេទបាក់ ៥% និង ២៥% ពីប្រទេសវៀតណាម និងប្រទេសនាំចេញអង្ករផ្សេងទៀតក្នុងពិភពលោក ទំនងជានឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៥ ដោយសារការប្រកួតប្រជែងពីអង្ករតម្លៃទាបរបស់ឥណ្ឌា។

យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា ការផ្គត់ផ្គង់អង្ករពិភពលោកត្រូវបានរំពឹងថានឹងកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ដោយផលិតកម្មត្រូវបានព្យាករថានឹងកើនដល់កម្រិតខ្ពស់បំផុតជាង ៥៣០លានតោន កើនឡើង ៣,១លានតោនធៀបនឹងការព្យាករពីមុន។

ការកើនឡើងការផ្គត់ផ្គង់គឺភាគច្រើនដោយសារតែឥណ្ឌាបានលុបចោលការហាមឃាត់របស់ខ្លួនលើការនាំចេញអង្ករសមិនមែនប្រភេទបាស្មាទី ហើយរំពឹងថានឹងនាំចេញអង្ករពី ២១ ទៅ ២២លានតោននៅឆ្នាំ២០២៥ កើនឡើង ៥លានតោនបើធៀបនឹងឆ្នាំ២០២៤។

ក្រៅពីប្រទេសឥណ្ឌា ប្រទេសផ្សេងទៀតដូចជាអេហ្ស៊ីប ហ្គីយ៉ាណា ជប៉ុន និងវ៉េណេស៊ុយអេឡា ក៏កំពុងរួមចំណែកក្នុងការបង្កើនផលិតកម្មផងដែរ។ ទោះបីជាយ៉ាងណា ប្រទេសហ្វីលីពីនមានការព្យាករថាទិន្នផលនឹងធ្លាក់ចុះ។

ដើម្បីរក្សានិងពង្រីកចំណែកទីផ្សារ បណ្តាប្រទេសនាំចេញអង្ករនឹងត្រូវអនុវត្តយុទ្ធសាស្ត្រទីផ្សារប្រកបដោយភាពបត់បែន ផ្តោតលើការកែលម្អគុណភាពផលិតផល និងស្វែងរកទីផ្សារថ្មីៗ។ នេះបើយោងតាមកាសែត VN Express៕