(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានប្រាប់លោក ចូ បៃឌិន ថា មានការលើកឡើងពីការព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់លោកប្រធានាធីបតីអាមេរិករូបនេះក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel ពីសំណាក់ក្រុមហ៊ុនជប៉ុន Nippon Steel។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ការលើកឡើងពីក្តីបារម្ភនេះបានធ្វើឡើងនៅក្នុងការហៅទូរស័ព្ទត្រីភាគីរវាងលោកប្រធានាធីបតីអាមេរិក នាយករដ្ឋមន្ត្រីជប៉ុន និងលោកប្រធានាធិបតីហ្វីលីពីន។
ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ លោក បៃឌិន បានច្រានចោលការសំណើទិញរបស់ក្រុមហ៊ុន Nippon Steel ក្នុងតម្លៃ ១៤,៩ពាន់លានដុល្លារអាមេរិកដើម្បីទិញយកក្រុមហ៊ុន US Steel កាលពីដើមខែនេះ។ ការរារាំងនេះបានធ្វើឱ្យមានការខឹងសម្បារចំពោះសហរដ្ឋអាមេរិកដែលជាប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន ជាទីដែលសហរដ្ឋអាមេរិកមានយោធាប្រចាំការចំនួន ៥៤ ០០០នាក់។
លោក Ishiba ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីបានហៅទូរស័ព្ទជាមួយលោក បៃឌិន និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos កាលពីថ្ងៃចន្ទថា៖ «ខ្ញុំបាននិយាយថា មានការលើកឡើងពីការព្រួយបារម្ភខ្លាំង មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសហគមន៍ធុរកិច្ចអាមេរិកផងដែរ ហើយខ្ញុំបានជំរុញឱ្យ (លោក បៃឌិន) ឱ្យធ្វើម៉េចដើម្បីរំសាយអារម្មណ៍ទាំងនេះ»។
ការទប់ស្កាត់ការទិញយកក្រុមហ៊ុនណាមួយពីសំណាក់ក្រុមហ៊ុនជប៉ុនគឺជារឿងមិនធម្មតា ហើយក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ ដោយចោទប្រកាន់ប្រធានាធិបតីអាមេរិកដែលនឹងចាកចេញពីដំណែងឆាប់ៗនេះពីបទ «ជ្រៀតជ្រែកខុសច្បាប់»។
ក្រុមហ៊ុន Nippon Steel បានចាត់ទុកការទិញយកនេះថាជាការជួយសង្គ្រោះជីវិតក្រុមហ៊ុន US Steel ប៉ុន្តែអ្នកជំទាស់នឹងការទិញយកនេះបានព្រមានថា ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះនឹងកាត់បន្ថយការងារបន្ទាប់ពីការទិញយកនេះ ទោះបីជាក្រុមហ៊ុន Nippon Steel ធានាថាមិនកាត់បន្ថយក៏ដោយ៕