(ប៉េកាំង)៖ វៀតណាមបានវ៉ាដាច់ប្រទេសជប៉ុនក្លាយជាទិសដៅនាំចេញទំនិញធំជាងគេទីបីរបស់ប្រទេសចិនជាលើកដំបូង ខណៈដែលពន្ធគយរបស់សហរដ្ឋអាមេរិកបង្ខំឱ្យក្រុមហ៊ុននានាស្វែងរកអ្នកផ្គត់ផ្គង់ថ្មីដើម្បីចៀសវាងវិធានការពន្ធគយអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយរបស់ប្រទេសចិនកាលពីថ្ងៃចន្ទ ការនាំចេញរបស់ប្រទេសចិនទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៤ បានកើនឡើងជិត ១៨% ដល់ចំនួន ១៦២ពាន់លានដុល្លារ។ ចំនួននេះបានកើនលើសចំនួន ១៥២ពាន់លានដុល្លារនៃការនាំចេញទំនិញទៅកាន់ប្រទេសជប៉ុន ដែលពីមុនជាទីផ្សារធំទីបីសម្រាប់ក្រុមហ៊ុននាំចេញរបស់ចិន។
ការកើនឡើងការនាំចេញទំនិញទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានជំរុញភាគច្រើនដោយការកើនឡើងការនាំចេញគ្រឿងបង្គុំ ដោយវៀតណាមគឺជាទីកន្លែងសម្រាប់ការដំឡើងផលិតផលសម្រេច ហើយបន្ទាប់មកនាំចេញទៅកាន់សហរដ្ឋអាមេរិក និងទីកន្លែងផ្សេងទៀត។ សមាសធាតុអេឡិចត្រូនិចដែលរួមទាំងម៉ូឌុលអេក្រង់ និងអង្គចងចាំកុំព្យូទ័រ មានចំណែក ៨ភាគលើ ១០ភាគនៃទំនិញដែលរីកចម្រើនលឿនបំផុតទាំងដប់ នេះបើយោងតាមទិន្នន័យរបស់ប្រទេសចិនកាលពីឆ្នាំមុនរហូតដល់ខែវិច្ឆិកា។
ការប្តូរទិសដៅពាណិជ្ជកម្មនេះបង្កហានិភ័យនៃការកើនឡើងការចំណាយសម្រាប់ក្រុមហ៊ុនអាជីវកម្ម និងអ្នកប្រើប្រាស់ ប៉ុន្តែបានផ្តល់អត្ថប្រយោជន៍ដល់ប្រទេសវៀតណាម ដែលបានមើលឃើញមានការកើនឡើងការវិនិយោគ នៅពេលដែលក្រុមហ៊ុននានាសម្លឹងរកមើលការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ពីប្រទេសចិន។ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចឈានមុខគេនានាដូចជាក្រុមហ៊ុន Samsung Electronics Co., ក្រុមហ៊ុន Luxshare Precision Industry Co. និងក្រុមហ៊ុន Hon Hai Precision Industry Co. បានបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីដំឡើងផលិតផលសម្រេចដូចជា AirPods និង MacBooks ជាដើម។
លោក Nguyen Mai ប្រធានសមាគមសហគ្រាសវិនិយោគបរទេសរបស់វៀតណាមបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «យើងបានឃើញក្រុមហ៊ុនកាន់តែច្រើនឡើងៗ ផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនមកកាន់ប្រទេសវៀតណាមដើម្បីជៀសវាងហានិភ័យពន្ធគយនាពេលអនាគត»៕