(ហ្សាការតា)៖ ទីភ្នាក់ងារប្រឆាំងការទុកចិត្តរបស់ឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ បានបង្គាប់ឱ្យក្រុមហ៊ុន Google ត្រូវបង់ប្រាក់ពិន័យប្រមាណ២០២ពាន់លានរូពៀ (១២.៣៧លានដុល្លារអាមេរិក) ពីបទធ្វើអាជីវកម្មមិនយុត្តិធម៌ ពាក់ព័ន្ធនឹងសេវាកម្មប្រព័ន្ធបង់ប្រាក់របស់ខ្លួន សម្រាប់កម្មវិធី Google Play Store ជាវេទិកាចែកចាយកម្មវិធីផ្នែកទន់របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
ទីភ្នាក់ងារ បានចាប់ផ្តើមការស៊ើបអង្កេតមួយ ទៅលើក្រុមហ៊ុន Google របស់ក្រុមហ៊ុនមេ Alphabet Inc ក្នុងឆ្នាំ២០២២ ដោយសង្ស័យក្រុមហ៊ុនបានបំពាន តួនាទីរបស់ខ្លួន ដោយតម្រូវឱ្យអ្នកបង្កើតកម្មវិធីរបស់ឥណ្ឌូនេស៊ី ប្រើប្រាស់កម្មវិធី Google Pay Billing ក្នុងអត្រាខ្ពស់ជាងប្រព័ន្ធទូទាត់ផ្សេងទៀត បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការដកចេញពីកម្មវិធី Google Play Store។
ទីភ្នាក់ងារបានរកឃើញថា ក្រុមហ៊ុន Google បានគិតថ្លៃសេវារហូតដល់៣០ភាគរយ តាមរយៈកម្មវិធី Google Pay Billing។
Google បានគ្រប់គ្រង៩៣ភាគរយ នៃចំណែកទីផ្សារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានអត្រាប្រជាជន២៨០លាននាក់ ជាប្រទេសដែលមានកំណើនយ៉ាងលឿន លើវិស័យសេដ្ឋកិច្ចឌីជីថល។ ទីភ្នាក់ងារបានឱ្យដឹង។
ក្រុមហ៊ុន Google កាលពីពេលមុន បានលើកឡើងថា ខ្លួនបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធមួយ ដែលអ្នកបង្កើតកម្មវិធី អាចផ្តល់ឱ្យអ្នកប្រើប្រាស់ អាចជ្រើសរើសនូវជម្រើសបង់វិក្កយបត្រ។
គួររំលឹកថា ក្រុមហ៊ុន Google ធ្លាប់ត្រូវបានពិន័យជាង៨ពាន់លានអឺរ៉ូ (៨.៣១ពាន់លានដុល្លារអាមេរិក) ដោយសហភាពអឺរ៉ុប កាលពីទសវត្សរ៍មុន ពីបទអនុវត្តប្រឆាំងនឹងការប្រកួតប្រជែង ទាក់ទងនឹងសេវាកម្មប្រៀបធៀបតម្លៃរបស់ខ្លួន, ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ Android និងសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម៕