(ណៃរ៉ូប៊ី)៖ ការព្យាករដែលចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា ពិភពលោកនឹងមានមហាសេដ្ឋីដែលមានទ្រព្យទ្រីលានដុល្លារចំនួន ៥នាក់ក្នុងពេលឆាប់ៗនេះ ខណៈដែលអត្រាកំណើនទ្រព្យសម្បត្តិរបស់អ្នកមានបំផុតកើនឡើងលឿនជាងការប៉ាន់ស្មានកន្លងមក។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។
កាសែត VN Express បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីវិសមភាពចុងក្រោយដែលចេញផ្សាយដោយអង្គការ Oxfam ថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ នឹងមានមហាសេដ្ឋីទឹកប្រាក់ទ្រីលានយ៉ាងតិចចំនួន ៥នាក់ ដែលខ្ពស់ជាងការព្យាករកាលពីឆ្នាំមុនដែលបានបង្ហាញថា មហាសេដ្ឋីទ្រីលានដំបូងតែម្នាក់ប៉ុណ្ណោះនឹងកើតមាននៅក្នុងរយៈពេលដូចគ្នានេះ។
របាយការណ៍នេះបានបង្ហាញថា៖ «ការកើនឡើងទ្រព្យសម្បត្តិបែបប្រមូលផ្តុំនេះកើតមានឡើងដោយសារការប្រមូលផ្តុំអំណាចផ្តាច់មុខ ដោយមហាសេដ្ឋីនានាកាន់តែមានឥទ្ធិពលលើឧស្សាហកម្ម និងមតិសាធារណៈ»។
កាសែត VN Express បានរាយការណ៍ដោយដកស្រង់សន្ទស្សន៍មហាសេដ្ឋី Bloomberg ថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ឥឡូវនេះគឺជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ៤៤៩ពាន់លានដុល្លារ។
បន្ទាប់មកគឺមហាសេដ្ឋីពាន់លានម្នាក់ទៀតគឺជាលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon, លោក Mark Zuckerberg នាយកប្រតិបត្តិ Meta, លោក Larry Ellison ស្ថាបនិក Oracle និងលោក Bernard Arnault ប្រធាន LVHM។
របាយការណ៍របស់អង្គការ Oxfam ក៏បានចង្អុលបង្ហាញផងដែរថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានកើនឡើងចំនួន ២ទ្រីលានក្នុងឆ្នាំ២០២៤ ដែលស្មើនឹងប្រហែល ៥,៧ពាន់លានដុល្លារក្នុងមួយថ្ងៃ ពោលគឺលឿនជាងឆ្នាំមុនបីដង។ ទន្ទឹមនឹងនេះដែរ ចំនួនប្រជាជនរស់នៅក្នុងភាពក្រីក្របានផ្លាស់ប្តូរស្ទើរតែមិនផ្លាស់ប្តូរសោះគិតចាប់តាំងពីឆ្នាំ១៩៩០ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក។
លោក Amitabh Behar នាយកប្រតិបត្តិអង្គការ Oxfam International បាននិយាយថា៖ «ការទទួលផលពីសេដ្ឋកិច្ចពិភពលោករបស់យើងដោយអ្នកមានមួយចំនួនបានកើនឡើងដល់កម្រិតខ្ពស់ដែលមិនអាចនឹកស្មានដល់»។
ការបរាជ័យក្នុងការបញ្ឈប់ក្រុមមហាសេដ្ឋីពាន់លានឥឡូវកំពុងបង្កើតឱ្យមានមហាសេដ្ឋីទ្រីលាននាពេលអនាគតក្នុងពេលឆាប់ៗនេះ។ លោកបានបន្ថែមថា មិនត្រឹមតែមានការកើនឡើងអត្រាប្រមូលផ្តុំទ្រព្យសម្បត្តិមហាសេដ្ឋីប៉ុណ្ណោះទេ ប៉ុន្តែអំណាចរបស់ពួកគេក៏កើនឡើងផងដែរ។
អង្គការ Oxfam អំពាវនាវឱ្យរដ្ឋាភិបាលនានាចាត់វិធានការដើម្បីកាត់បន្ថយវិសមភាពតាមរយៈធានាថា ប្រាក់ចំណូលរបស់អ្នកមានកំពូល ១០% មិនខ្ពស់ជាងប្រជាជនដែលជាអ្នកក្រខាងក្រោមគេ ៤០%។
អង្គការ Oxfam បានឱ្យដឹងទៀតថា គោលនយោបាយពន្ធជាសកលគួរតែស្ថិតនៅក្រោមអនុសញ្ញាពន្ធថ្មីរបស់អង្គការសហប្រជាជាតិ ដោយធានាថា អ្នកមានបំផុតនិងសាជីវកម្មបង់ពន្ធតាមចំណែកដោយស្មើភាពរបស់ពួកគេ។ អង្គការ Oxfam បានបន្ថែមថា ប្រទេសដែលដកហូតពន្ធទាបត្រូវតែលុបចោល។ នេះបើយោងតាមកាសែត VN Express៕