(បាត់ដំបង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយពីកញ្ចប់ហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន៣០លានដុល្លារដែលរាជរដ្ឋាភិបាលទើបតែទម្លាក់កាលពីពេលថ្មីៗនេះ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ បានរៀបចំ ស្ថិតនៅទីស្នាក់ការសាខា របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួម ពីតំណាងម្ចាស់រោងម៉ាស៊ីន សរុបប្រមាណ ២២រោងម៉ាស៊ីន។

នៅក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កៅ ថាច បាន ពិភាក្សា ផ្តោតលើចំណុចសំខាន់ៗមួយចំនួន មានដូចជា:

(១) ផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសបន្ថែមចំនួន៣០ លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ។
(២) អំពាវនាវដល់រ៉ោងម៉ាស៊ីនចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចូលទៅកាន់សហភាពអឺរ៉ុប។ ជាវិធានការឆ្លើយតបចំពោះមុខដែល រោងម៉ាស៊ីនអាចចូលរួម គឺតាមរយៈការផ្សព្វផ្សាយឲ្យបានផុលផុសជូនប្រជាកសិករក្នុងតំបន់នីមួយៗ នូវ បទដ្ឋានកម្រិតកំណត់នៃការប្រើប្រាស់ថ្នាំ-ជី កសិកម្មសម្រាប់រដូវកាលខាងមុខៗ។
(៣) បន្តចូលរួមទិញស្រូវ ក្នុងរដូវកាលចូលឆ្នាំ ប្រពៃណីចិនខាងមុននេះ ក្នុងករណីរោងម៉ាស៊ីនឈប់សម្រាក សូមរោងម៉ាស៊ីនផ្តល់ដំណឹង និងផ្សព្វផ្សាយជូនប្រជាកសិករក្នុងតំបន់ ដែលរោងម៉ាស៊ីនប្រមូលទិញឱ្យបានជ្រាប ដែលការណ៍នេះអាចបញ្ចៀសបានការច្រូតកាត់ច្រើនលើសតម្រូវការ។
(៤) គិតគូរអំពីនិន្នាកាលទីផ្សារអង្ករអន្តរជាតិ, សមត្ថភាព និងលទ្ធភាពដែលរោងម៉ាស៊ីនអាចបង្កើនការកែច្នៃសម្រាប់បម្រើការនាំចេញ។
(៥) ពិភាក្សាអំពីបញ្ហាប្រឈមនានាដែលរោងម៉ាស៊ីន និងក្រុមហ៊ុននាំអង្ករចេញកំពុងប្រឈម, ដំណោះស្រាយចំពោះមុខ និងសំណូមពរនានា។
(៦) លើកទឹកចិត្ត និងជំរុញ ឱ្យរោងម៉ាស៊ីន ប្រើប្រាស់ សេវា ធានាឥណទាន របស់សាជីវកម្មធនាឥណទានកម្ពុជា ( CGCC) បន្ថែមពីយន្តធនាគារ ដែលមានស្រាប់៕