(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា ការប្រើប្រាស់ជំនួយ ឬហិរញ្ញប្បទានចិន សម្រាប់កម្ពុជា គ្មានការព្រួយបារម្ភអ្វីឡើយ ព្រោះចិនមានគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ គោរពម្ចាស់ផ្ទះ និងមានជំនឿទុកចិត្តខ្ពស់ ក្នុងករណីដែលប្រទេសកម្ពុជា ជួបការលំបាក ចិននឹងមានការបន្ធូរបន្ថយនូវបំណុល។
ការលើកឡើងរបស់លោក ឯក សំអុល ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលចិនលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
លោកបានបញ្ជាក់ទៀតថា កម្ពុជានឹងមិនមានភាពស្ទាក់ស្ទើរ ក្នុងការរក្សាទំនាក់ទំនងដ៏ល្អ និងយូរអង្វែងជាមួយបណ្តាប្រទេសនានាឡើយ។ ចិន ជាឧទាហរណ៍មួយ ក្នុងចំណោមប្រទេសនានាដទៃទៀត ដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា ដោយចិនគោរពយ៉ាងខ្ជាប់ខ្ជួននូវ ការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ក្នុងនាមជាម្ចាស់ប្រទេស ហើយចិនគោរពកម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យ មានអធិបតេយ្យ និងជានីតិរដ្ឋប្រជាធិបតេយ្យ សេរីពហុបក្ស។
លោកបានបន្ថែមថា ពីលើនេះ ការបង្កើនទំនាក់ទំនងកាន់តែរឹងមាំ រវាងប្រជាជនកម្ពុជា និងប្រជាជនចិន គឺជាគន្លឹះជាសារវន្តដល់ការរក្សាបានទំនាក់ទំនងល្អ និងយូរអង្វែងរវាងកម្ពុជា និងចិន។ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នោះសមាគមមិត្តភាពកម្ពុជា-ចិន គឺជាអង្គការមិនមែនរដ្ឋាភិបាលដ៏ស្មោះត្រង់ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងទំនាក់ទំនងល្អជាមួយប្រជាជនចិន៕
សូមស្តាប់ការលើកឡើងរបស់លោក ឯក សំអុល៖