(តូក្យូ)៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃសុក្រថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors ដែលជាដៃគូក្រុមហ៊ុន Nissan Motor កំពុងពិចារណាមិនចូលរួមក្នុងការផែនការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Nissan និងក្រុមហ៊ុន Honda Motor។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់ប្រភពចំនួន៣ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយអំពីករណីនេះជាសាធារណៈថា ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបន្តរក្សាក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនដដែល ខណៈពេលដែលបន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងពីរ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi Motors បានធ្លាក់ចុះថ្លៃជាង ៦ភាគរយនៅក្នុងការជួញដូរដំបូងនៅថ្ងៃសុក្រ ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះថ្លៃ ១,៦ភាគរយ។

ការវិវឌ្ឍនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan និងក្រុមហ៊ុន Honda កាលពីឆ្នាំមុនបាននិយាយថា ពួកគេនឹងចាប់ផ្តើមការពិភាក្សាជាផ្លូវការអំពីការច្របាច់បញ្ចូលគ្នាដែលអាចបង្កើតក្រុមហ៊ុនសម្ព័ន្ធរថយន្តធំជាងគេទីបីរបស់ពិភពលោកដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ៧,៤លានគ្រឿង។

ក្រុមហ៊ុន Mitsubishi Motors ដែលមានក្រុមហ៊ុន Nissan ជាភាគទុនិកធំជាងគេដោយកាន់កាប់ភាគហ៊ុន ២៤ ភាគរយ ត្រូវបានរំពឹងថានឹងសម្រេចចិត្តនៅខែនេះថាតើក្រុមហ៊ុនមានគម្រោងចូលរួមក្នុងការច្របាច់បញ្ចូលគ្នាដែរឬទេ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយក្រុមហ៊ុន Mitsubishi Motors ថា ក្រុមហ៊ុនផលិតបានឱ្យដឹងថា មានសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួមក្នុងច្របាច់បញ្ចូលគ្នាដែលក្រុមហ៊ុន Honda និង Nissan កំពុងពិចារណា ប៉ុន្តែសេចក្តីរាយការណ៍ទាំងនោះមិនមែនជាសេចក្តីប្រកាសរបស់ក្រុមហ៊ុននោះទេ។

ក្រុមហ៊ុននេះបានបន្ថែមថា ខ្លួនកំពុងពិចារណាលើលទ្ធភាពផ្សេងៗនៅក្នុងពេលនេះ ហើយទិសដៅរបស់ក្រុមហ៊ុនមិនទាន់ត្រូវបានសម្រេចនៅឡើយ៕