(ហាណូយ)៖ តម្លៃពាណិជ្ជកម្មរបស់វៀតណាមជាមួយសិង្ហបុរី បានឡើងដល់កម្រិតខ្ពស់បំផុត កាលពីឆ្នាំមុន ដែលកើនលើស ៣១,៦៧ពាន់លានដុល្លារសិង្ហបុរី (២៣,៥ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។
កាសែត VN Express បានរាយការណ៍ថា គ្រាន់តែនៅខែធ្នូ ឆ្នាំ២០២៤ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតម្លៃលើសពី ៣,០៦ពាន់លានដុល្លារសិង្ហបុរី កើនឡើង ១៩,២៤ភាគរយធៀបនឹងខែធ្នូ ឆ្នាំ២០២៣។
សម្រាប់រយៈពេលពេញមួយឆ្នាំ ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសសិង្ហបុរីមានតម្លៃសរុបជិត ៨,៥៨ពាន់លានដុល្លារសិង្ហបុរី ពោលគឺកើនឡើងខ្លាំង ៣០,៨ភាគរយ។ ទន្ទឹមនឹងនេះដែរ ការនាំចូលបានកើនឡើង ៣,២៤ភាគរយដល់ជាង ២៣,០៩ពាន់លានដុល្លារសិង្ហបុរី។ កត្តានេះបណ្តាលឱ្យពាណិជ្ជកម្មទ្វេភាគីកើនឡើង៩,៤ភាគរយបើធៀបនឹងឆ្នាំ២០២៣។
ការនាំចេញរបស់វៀតណាមទៅកាន់សិង្ហបុរី បានបង្ហាញពីកំណើនដ៏រឹងមាំពេញមួយឆ្នាំ ដោយរយៈពេល ១០ខែដំបូងក្នុងឆ្នាំ២០២៤ កើនឡើងជាង ១៥ភាគរយ។ កំណើននេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបានតួលេខពាណិជ្ជកម្ម ដែលខ្ពស់បំផុតនេះ។
កាសែត VN Express បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយ Enterprise Singapore ដែលជាស្ថាប័នបទប្បញ្ញត្តិរបស់ប្រទេសសិង្ហបុរីថា វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្មប្រហែល ១,៥៩ពាន់លានដុល្លារសិង្ហបុរីក្នុងឆ្នាំ២០២៤។
ការនាំចេញសំខាន់ៗដូចជាគ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងកញ្ចក់ នៅតែរឹងមាំ ខណៈដែលទំនិញកសិកម្មដូចជាអង្ករ អាហារសមុទ្រ និងប្រេងឆាមានកំណើនគួរឱ្យកត់សម្គាល់។
នៅឆ្នាំ២០២៤ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី១១ របស់សិង្ហបុរី និងជាទីផ្សារនាំចេញធំទី១០៕