(បាងកក)៖ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាននិយាយថា រដ្ឋាភិបាលថៃគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសមាជិកទាំងអស់ នៃសហភាពអឺរ៉ុបនៅឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ការលើកឡើងរបស់អ្នកស្រីបានធ្វើឡើង បន្ទាប់ពីវិលត្រឡប់ទៅប្រទេសថៃវិញ កាលពីថ្ងៃសៅរ៍ក្រោយពីបានចូលរួមកិច្ចប្រជុំវេទិកា សេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

យោងតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា អ្នកស្រី Paetongtarn បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នៅក្រៅកិច្ចប្រជុំវេទិ WEF ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដោយអ្នកតំណាងនៃប្រទេសស្វីស ន័រវេស អ៊ីស្លង់ និងលិចតិនស្តាញ។

កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីមួយ ដែលបានចុះហត្ថលេខាក្នុងកំឡុងរដ្ឋាភិបាលថៃបច្ចុប្បន្ន។ ក្រៅពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសថៃ និងប្រទេសជាសមាជិក EFTA កិច្ចព្រមព្រៀងនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធលើវិស័យនានាដូចជា បច្ចេកវិទ្យាទំនើបនិងការច្នៃប្រឌិត ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍប្រកបដោយចីរភាព។

អ្នកស្រី Paetongtarn បាននិយាយថា រដ្ឋាភិបាលថៃក៏កំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប ដែលនៅសេសសល់នៅចុងឆ្នាំនេះ ដើម្បីឱ្យក្រុមហ៊ុនអាជីវកម្មថៃអាចបង្កើតមូលដ្ឋានឈរជើង នៅក្នុងប្លុកសហភាពអឺរ៉ុប។

អ្នកស្រីនាយករដ្ឋមន្រ្តីថៃបានមានប្រសាសន៍ថា៖ «[ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាសមាជិក EFTA] គឺជាជោគជ័យមួយសម្រាប់ប្រទេសថៃ។ រដ្ឋមន្ត្រីទាំងអស់នៃគណៈរដ្ឋមន្ត្រី នៅក្នុងគណៈប្រតិភូមានមោទនភាព ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ»៕