(ចូបា)៖ អាជ្ញាធរស៊ូដង់ខាងត្បូង បានដកការផ្អាកជាបណ្តោះអាសន្ន លើការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook និង TikTok, ដែលបានផ្អាកកាលពីសប្តាហ៍មុន បន្ទាប់ពីមានការចែកចាយវីដេអូ ពីការសម្លាប់ជនជាតិស៊ូដង់ខាងត្បូង នៅប្រទេសស៊ូដង់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។
រូបភាពក្រាហ្វិក ដែលបណ្តាលឱ្យមានការតវ៉ាហិង្សា និងការសងសឹកសម្លាប់មនុស្ស នៅទូទាំងប្រទេសនោះ, ត្រូវបានលុបចេញពីវេទិកាផ្សព្វផ្សាយសង្គមហើយ។ នេះបើតាមអាជ្ញាធរទំនាក់ទំនងសង្គមជាតិ បានឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនផ្តល់សេវាកម្មអ៉ីនធើណេត។
ក្រុមអង្គការសិទ្ធិមនុស្ស បានស្តីបន្ទោសកងទ័ពស៊ូដង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពោះការវាយប្រហារលើគោលដៅជនជាតិភាគតិច ជាជនស៊ីវិល នៅរដ្ឋ El Gezira ប្រទេសស៊ូដង់ កាលពីដើមខែនេះ, បន្ទាប់ពីពួកគេបានវាយដណ្តើមយកទីក្រុង Wad Madani ពីទាហានប៉ារ៉ា Rapid Support Forces។
កងទ័ពយោធាស៊ូដង់ បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា «ការរំលោភបំពានបុគ្គល» ដែលត្រូវបានថតជាវីដេអូ និងបានចែកចាយយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕