(វ៉ាស៊ីនតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុន Honda នឹងប្រមូលរថយន្តចំនួន ២៩៤ ៦១២គ្រឿងនៅក្នុងសហរដ្ឋអាមេរិកដើម្បីជួសជុលបញ្ហាដែលអាចបណ្តាលឱ្យម៉ាស៊ីនឈប់ឬបាត់បង់ថាមពល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការប្រមូលរថយន្តមកជួសជុលវិញនេះបានប៉ះពាល់ដល់រថយន្ត Honda Acura MDX Type-S ស៊េរីឆ្នាំ២០២២-២០២៥ រថយន្ត Honda Pilot ស៊េរីឆ្នាំ២០២៣-២០២៥ និងរថយន្ត Honda Acura TLX Type-S ស៊េរីឆ្នាំ ២០២១-២០២៥។
រដ្ឋបាល NHTSA ដែលជានិយតករសុវត្ថិភាពរថយន្តសហរដ្ឋអាមេរិកបានឱ្យដឹងទៀតថា កំហុសផ្នែកទន់ (សុសវែរ) នៅក្នុងយូនីតគ្រប់គ្រងអេឡិចត្រូនិចចាក់ប្រេង (FI-ECU) អាចបណ្តាលឱ្យម៉ាស៊ីនឈប់ដំណើរការ ឬបាត់បង់ថាមពលដែលបង្កើនហានិភ័យគ្រោះថ្នាក់។
រដ្ឋបាល NHTSA បានឱ្យដឹងទៀតថា ក្រុមហ៊ុនចែកចាយរថយន្តនឹងរៀបចំដំឡើងកម្មវិធី FI-ECU ឡើងវិញដោយមិនគិតថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕