(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានស៊ែរ (Share) នូវអត្ថបទមួយដែលបណ្តាញព័ត៌មាន Fresh News បានចុះផ្សាយអំពីការអំពាវនាវរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលសុំឱ្យប្រជាពលរដ្ឋកុំសងប្រាក់ទៅក្រុមកម្ចីអនឡាញខុសច្បាប់ ភ្ជាប់ជាមួយការស៊ែរព័ត៌មាននេះ លោកស្ត្រីក៏បានផ្តាំទៅប្រជាពលរដ្ឋផងដែរថា សូមកុំខ្ចីលុយពីអ្នកឲ្យខ្ចីកំបាំងមុខ ខ្ចីងាយស្រួលតែលក្ខខ័ណ្ឌជាន់ក ត្រូវខ្ចីពីគ្រឹះស្ថានមានអាជ្ញាប័ណ្ណ ចេញដោយធនាគារជាតិនៃកម្ពុជា។
លោកស្រីក្រើនរំលឹកដល់សាធារណជន ប្រជាពលរដ្ឋកម្ពុជាក្នុងការកម្ចីប្រាក់ ប្រសិនបើមិនចាំបាច់ទេ សូមកុំខ្ចីលុយគេ ប៉ុន្ដែបើករណីចាំបាច់ត្រូវប្រើប្រាស់លុយ សូមខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ ចេញដោយធនាគារជាតិនៃកម្ពុជា ក៏ព្រោះថា ការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ នឹងងាយស្រួលដោះស្រាយតាមផ្លូវច្បាប់ ប្រសិនបើមានបញ្ហាប្រឈមណាមួយកើតឡើង។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «សូមរម្លឹកបងប្អូនយើងថា បើមិនចាំបាច់សុំកុំខ្ចីលុយគេ តែបើចំបាច់ត្រូវខ្ចី គួរខ្ចីពីគ្រឹះស្ថានមានអាជ្ញាប័ណ្ឌពី ធនាគារជាតិនៃកម្ពុជា ព្រោះនៅពេលមានបញ្ហាយើងអាចរកមុខឃើញ នឹងដោះស្រាយតាមនីតិវិធីច្បាប់ មិនដូចអ្នកឲ្យខ្ចីកំបាំងមុខ ពេលឲ្យខ្ចីងាយស្រួល តែមានលក្ខខ័ណ្ឌជាន់ក ប្រើអំពើហឹង្សា ហើយរកមុខមិនឃើញ»។
លោកស្រីបណ្ឌិតបញ្ជាក់ថា ទោះយ៉ាងណាសូមបងប្អូន ប្រើប្រាស់លុយកាក់ដោយមានការទទួលខុសត្រូវ និងសូមឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្តល់កម្ចីដោយទទួលខុសត្រូវ ដោយយកចិត្តទុកដាក់ លើផលប្រយោជន៍របស់អតិថិជនព្រោះថា ពេលអតិថិជនរុងរឿង គ្រឹះស្ថានក៏រុងរឿងដែរ។
លោកស្រីបណ្ឌិតក៏បានថ្លែងអរគុណអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រកន្លងមក និងតទៅមុខក្នុងការចាត់វិធានការចាំបាច់ លើអ្នកផ្តល់កម្ចីក្រៅផ្លូវការមិនមានវិជ្ជាជីវៈ ដែលអាចផ្តល់ជាគ្រោះថ្នាក់ ដល់ជីវភាពប្រជាជន និងសង្គម។
សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្មីៗនេះបានថ្លែងឲ្យដឹងថា កន្លងទៅមានប្រជាពលរដ្ឋធ្លាប់ផុងខ្លួន ទៅខ្ចីលុយអនឡាញខុសច្បាប់ពីក្រុមដែលគ្មានអាជ្ញាប័ណ្ណ ហើយនៅពេលមិនសងប្រាក់ត្រឡប់ទៅវិញ ក្រុមនោះតែងគំរាមកំហែង បង្ហោះរូបភាពអ្នកខ្ចីនោះជាដើម។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា ក្នុងករណីប្រជាពលរដ្ឋរងនូវការគំរាមកំហែង ជាមួយពីក្រុមកម្ចីអនឡាញខុសច្បាប់ លោកលើកទឹកចិត្តឲ្យប្ដឹងមកសមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវចាត់វិធានការច្បាប់៕