(កូឡាឡុំាពួរ)៖ ក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petroliam Nasional Bhd បានរាយការណ៍នៅថ្ងៃអង្គារ ពីការធ្លាក់ចុះប្រាក់ចំណេញ ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣កន្លងទៅ, ចំពេលមានការប្រែប្រួលជាសកល និងតម្លៃប្រេងចុះថោក ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រ និងសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ខណៈក្រុមហ៊ុននេះ នឹងប្រឈមបញ្ហាទីផ្សារនាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

Petroliam Nasional ឬក៏ Petronas បានរាយការណ៍ពីប្រាក់ចំណេញ បន្ទាប់ពីបង់ពន្ធ មានចំនួន៥៥.១ពាន់លានរីងហ្គីត (១២.៤៧ពាន់លានដុល្លារ)​ក្នុងឆ្នាំ២០២៤ ធៀបនឹងប្រាក់ចំណេញ៨០.៧ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២៣។ ប្រាក់ចំណូល ក្នុងឆ្នាំ២០២៤ បានធ្លាក់ចុះមកនៅត្រឹម៣២០ពាន់លានរីងហ្គីត ពី៣៤៣.៦ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២៣។

ចំពោះដើមទុនវិនិយោគ មានចំនួន៥៤.២ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ មានត្រឹមតែ៥២.៨ពាន់លានរីងហ្គីត។

នាយកប្រតិបត្តិក្រុមហ៊ុន Petronas លោក Tengku Muhammad Taufik Tengku Aziz បានលើកឡើងថា លទ្ធភាពនៃការបែងចែកពិភពលោក, ប្រតិកម្មប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថាន, សង្គម និងអភិបាលកិច្ច និងការគំរាមកំហែងពាណិជ្ជកម្ម ដែលអូសបន្លាយពេល គឺជាបញ្ហាប្រឈមដែលកំពុងជះឥទ្ធិពល ដល់ឧស្សាហកម្មប្រេង និងឧស្ម័ន។

លោកថា Petronas ដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើនសក្តានុពលនៃទ្រព្យសម្បត្តិរបស់ខ្លួន និងការគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន។

​លោកនាយកប្រតិបត្តិ បានឱ្យដឹងដែរថា ក្រុមហ៊ុនក៏នឹងត្រូវការចាត់ចែងធនធានរបស់ខ្លួនឡើងវិញ និងលុបបំបាត់ភាពគ្មានប្រសិទ្ធភាពផងដែរ ចំពេលក្រុមហ៊ុនបានប្រកាស គម្រោងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន។

លោកបន្តថា ការកាត់បន្ថយកម្លាំងពលកម្មរបស់ក្រុមហ៊ុន Petronas ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើឡើងតាមដំណាក់កាល ពីឆមាសទី២ឆ្នាំនេះ ដោយមិនបានបញ្ជាក់ថា នឹងមានបុគ្គលិកប៉ុន្មាននាក់ ត្រូវប៉ះពាល់នោះទេ។

​សូមបញ្ជាក់ថា Petronas មានបុគ្គលិកជិត៥០,០០០នាក់។ នេះបើយោងតាមគេហទំព័ររបស់ខ្លួន៕