(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបកាលពីថ្ងៃពុធបានស្នើកៀរគរថវិកាចំនួន ១០០ពាន់លានអឺរ៉ូ (១០៤,៩៤ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ការផលិតកម្មបច្ចេកវិទ្យាថាមពលស្អាតដែលផលិតដោយសហភាពអឺរ៉ុបពោលគឺជាផ្នែកសំខាន់មួយនៃកិច្ចព្រមព្រៀងឧស្សាហកម្មស្អាត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កិច្ចព្រមព្រៀងនេះគឺជាសសរស្តម្ភដ៏សំខាន់នៃផែនការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ឧស្សាហកម្មប្រើប្រាស់ថាមពលច្រើនដែលប្រឈមនឹងការចំណាយខ្ពស់ និងការិយាល័យធិបតេយ្យខ្លាំង ខណៈដែលពួកគេប្រកួតប្រជែងដណ្តើមចំណែកទីផ្សារជាមួយគូប្រកួតប្រជែងក្នុងពិភពលោក។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលត្រូវបានរាយការណ៍កន្លងមកដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ គណៈកម្មាការអឺរ៉ុបគ្រោងនឹងចាប់ផ្តើមធ្វើការងាររួមគ្នាជាមួយគម្រោងធានារបស់ធនាគារវិនិយោគអឺរ៉ុបដើម្បីសម្រួលដល់ការចំណាយសម្រាប់កិច្ចសន្យាថាមពលកកើតឡើងវិញរយៈពេលវែង ក៏ដូចជាដើម្បីគាំទ្រដល់ក្រុមហ៊ុនផលិតបណ្តាញអគ្គិសនី។
គណៈកម្មការអឺរ៉ុបក៏បានស្នើបង្កើតមជ្ឈមណ្ឌលវត្ថុធាតុដើមសំខាន់ៗរបស់សហភាពអឺរ៉ុប ដើម្បីរួមគ្នាទិញលោហៈ និងសារធាតុរ៉ែសំខាន់ៗដែលត្រូវការក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាតនេះផងដែរ។
កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃផែនការកាន់តែទូលំទូលាយមួយដែលរួមមានទាំងការកាត់បន្ថយការិយាល័យធិបតេយ្យ និងកាតព្វកិច្ចកាបូន និងជាកម្មវត្ថុនៃការអនុម័តនៅក្នុងសភាអឺរ៉ុប និងក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើន៕