(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាផលិតអំបិល​បានប្រមាណជាង ១៦ម៉ឺនតោន ​​ដែលលើសតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងប្រទេសជិតពាក់កណ្តាល ដោយក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការអំបិល​ចន្លោះពី ៨ម៉ឺនតោនទៅ ១០ម៉ឺនតោនប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ទិន្នផលអំបិលនៅកម្ពុជាសរុបមានចំនួន ១៦៨​ ៨៨២ តោន ដែលបានផលិតលើផ្ទៃដីស្រែអំបិលចំនួន ៣​ ៩៨៧.៣៥ហិកតា​ ក្នុងខេត្តកំពត ​និងខេត្តកែប។ ​

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់បណ្តាព័ត៌មាន Fresh News ថា ការផលិតអំបិលលើសពីតម្រូវនេះ ដោយសារកាលពីឆ្នាំមុន អាកាសធាតុក្តៅអំណោយផលល្អ និងការអូសបន្លាយនៃរដូវប្រាំង ដែលបានធ្វើឱ្យកសិករផលិតអំបិលបានច្រើន ដោយសង្កេតឃើញថា គ្រាន់តែក្នុងខែមិថុនា និងខែកក្កដា កសិករអាចផលិតបានរហូតដល់ ៤៤ ២៨៣តោន ខណៈជាធម្មតាការផលិតអំបិល គឺស្ថិតនៅចន្លោះខែមករា និងខែកុម្ភៈ។

បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្មរូបនេះ ក្នុងមួយឆ្នាំៗកម្ពុជា មានតម្រូវការអំបិល​ចន្លោះពី ៨ម៉ឺនតោនទៅ ១០ម៉ឺនតោនប៉ុណ្ណោះ​ ទាំង​អំបិលសម្រាប់បរិភោគ អំបិលកសិកម្ម និងសម្រាប់ឧស្សាហកម្ម ដូច្នេះហើយ​កាលពីឆ្នាំ២០២៤ ពុំមានការនាំចូលអំបិលពីបរទេសទេ។ តែយ៉ាងនេះ គេសង្កេតអាចនឹងសង្កេតឃើញវត្តមានអំបិលរបស់ប្រទេសជិតខាង នៅក្នុងទីផ្សារកម្ពុជា ដោយសារមានការនាំចូលខ្លះៗ។

លោកបានឱ្យដឹងយ៉ាងដូច្នេះថា «ការផលិតអំបិលនេះ គឺកសិកររបស់យើងអាស្រ័យទាំងស្រុង ទៅលើអាកាសធាតុផ្ទាល់តែម្តង យើងឃើញថា នៅតាមបណ្តាឆ្នាំនីមួយៗ កាលផលិតមានការឡើងចុះ ហើយនៅក្នុងឆ្នាំខ្លះក៏យើងមានការខ្វះខាតអំបិល ត្រូវធ្វើការនាំចូលពីក្រៅប្រទេសផងដែរ តែយ៉ាងណាក្នុងឆ្នាំ២០២៤ គឺយើងផលិតបានលើសតម្រូវការហើយ ពុំមានតម្រូវការនៃការនាំចូលនោះទេ។ ប៉ុន្តែជាក់ស្តែងនៅក្នុងទីផ្សារ ដោយសារកម្ពុជារបស់យើងជាមួយនឹងបណ្តាប្រទេសអាស៊ាន ដែលយើងដឹងថាជាសមាហរណកម្មសេដ្ឋកិច្ច ដែលនៅក្នុងនោះបណ្តាប្រទេសទាំងអស់ មានលទ្ធភាពក្នុងការនាំចេញនាំចូលដោយសេរី អ៊ឺចឹងហើយទើបយើងឃើញមានការនាំចូល នូវអំបិលពីបណ្តាប្រទេសអាស៊ានយើងមួយចំនួនមកកម្ពុជាផងដែរ»

លោក ហេង សុខគង់ បានឱ្យដឹងផងដែរថា ខណៈអំបិលកម្ពុជា​ក្លាយជាទំនិញម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) កាលពីឆ្នាំ២០២៣ ​និងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ បណ្តាប្រទេសពីសហគមន៍អឺរ៉ុប ថាជាអំបិលមួយដែលមានគុណភាពល្អ និងសំបូរទៅដោយសារធាតុរ៉ែ ជំនួយទៅដល់សុខភាពអ្នកប្រើប្រាស់ ក៏កំពុងទទួលបានការចាប់អារម្មណ៍ទីផ្សារប្រទេសមួយចំនួន ក្នុងការនាំចូលទៅប្រទេសគេផងដែរ។

លោកបានពន្យល់បន្ថែមថា «តាមការពិនិត្យនិងវាយតម្លៃរបស់អ្នកជំនាញនៅសហគមន៍អឺរ៉ុប គឺអំបិលយើងមានសារធាតុរ៉ែ ដែល​មាននៅក្នុងនៅក្នុងអំបិលរហូតជាង ៨០ប្រភេទ ដែលជំនួយទៅដល់សុខភាពអ្នកប្រើប្រាស់​ ហើយអំបិលនោះមានលក្ខណៈផ្អែម មិនប្រៃពេកហើយក៏មិនរឹងពេកដែរ ​នេះជាលក្ខណៈពិសេសរបស់អំបិលកម្ពុជាយើង។ បច្ចុប្បន្នអំបិល GI របស់យើងមានទីផ្សារធំនៅសហគមន៍អឺរ៉ុប ហើយជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី និងកូរ៉េខាងត្បូង ក៏កំពុងចាប់អារម្មណ៍លើអំបិលរបស់កម្ពុជាដែរ»

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ ​ក្រុមផលិតអំបិលមានចំនួន១៩១ក្រុម ​និងមានសិប្បកម្មចំនួន ៥៤មូលដ្ឋាន ក្នុងនោះ៣២មូលដ្ឋាន ​ទទួលបានអាជ្ញាបណ្ណ ប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៊ីយ៉ូដ​៕