(ភ្នំពេញ)៖​ វិនិយោគិនចិន​ មកពី​ខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ដែលមានស្រាប់ ដើម្បីធ្វើការនាំចេញនាពេលខាងមុខ។

វិនិយោគិនចិន​បង្ហាញចំណាប់អារម្មណ៍បែបនេះ ធ្វើឡើងក្នុង​ជំនួបរវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ​ជាមួយគណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា​ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។

ក្រុមហ៊ុនទាំង១៩នេះ មានសកម្មភាពវិនិយោគក្នុងវិស័យកសិកម្ម, សុខាភិបាល, សំណង់និងអចលនទ្រព្យ, បច្ចេកវិទ្យា, ថាមពល, បោះពុម្ពនិងវេចខ្ចប់, ម្ហូបអាហារ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ការគ្រប់គ្រងធុរកិច្ច, ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់, លក់និងសេវាថែទាំរថយន្ត, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

​ក្នុងជំនួបនេះ លោក ជា វុទ្ធី បានប្រាប់ដល់ក្រុមវិនិយោគិនចិន អំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

​លោកថែមទាំងបានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។

លោកបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។

ជាការឆ្លើយតប លោក Liu Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។

​ លោកបានមានប្រសាសន៍ថា នាពេលកន្លងមក លោកបានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថា​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។

ជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានគូសបញ្ជាក់ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណ ៥០% នៃទុនវិនិយោគសរុប។

​លោកបានធ្វើការកត់សម្គាល់ឃើញថាមានក្រុមហ៊ុនចិនធំៗជាច្រើនបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានៅក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគក្នុងកន្សោមឧស្សាហកម្មថ្មីៗ ដូចជាការផលិតសំបកកង់រថយន្ត ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក ការកែច្នៃជ័រកៅស៊ូ...។ល។

សូមជម្រាបថា សមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណានមានសមាជិកសរុបចំនួនប្រមាណ ១.៥០០សហគ្រាស ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យផ្សេងៗពីគ្នា ហើយសហគ្រាសទាំងនោះកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា៕