(ហ្សាការតា)៖ សមាគមរុករករ៉ែឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ បានជំរុញឱ្យរដ្ឋាភិបាល ពិចារណាឡើងវិញ នូវគម្រោងដំឡើងអត្រាសួយសារអាករ សម្រាប់ផលិតផលរ៉ែ ខណៈអ្នករុករករ៉ែ កំពុងជួបបញ្ហាជាមួយនឹងការឡើងថ្លៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់តឹងរឹង។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពិចារណាដំឡើងថ្លៃសួយសារអាករ បង់ដោយក្រុមហ៊ុនរុករករ៉ែ ដូចជាធ្យូងថ្ម, នីកែល, ទង់ដែង, មាស និងសំណរប៉ាហាំង ដែលសំណើរអាជ្ញាធរថា មានគោលបំណងកែលម្អអភិបាលកិច្ចឧស្សាហកម្ម។
«ការដំឡើងសួយសារអាករ នឹងបង្កើនបន្ទុកសម្រាប់សហគមន៍អាជីវកម្ម ហើយវាអាចប៉ះពាល់ដល់គម្រោងផលិតកម្ម និងវិនិយោគ», នេះបើតាមសម្តីនាយកប្រតិបត្តិសមាគមរុករករ៉ែឥណ្ឌូនេស៊ី លោក Hendra Sinadia បានលើកឡើង។
«យើងស្នើសុំឱ្យរដ្ឋាភិបាល ពិចារណាឡើងវិញ ចំពោះគម្រោងចង់ដំឡើងពន្ធ, ជាពិសេស ចំណូលរបស់រដ្ឋ បានមកពីវិស័យរ៉ែ បានកើនលើសគោលដៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ», លោកបានបន្ថែម។
លោក Hendra បានលើកឡើងថា ក្រុមហ៊ុនរុករករ៉ែ កំពុងប្រឈមមុខនឹងការផ្លាស់ប្តូរគោលនយោបាយជាច្រើន ដែលប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេ ដូចជាការដកប្រាក់ឧបត្ថម្ភលើចំហេះ សម្រាប់ការប្រើប្រាស់ឧស្សាហកម្ម និងការដំឡើង៦.៥ភាគរយ នៅក្នុងប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ និងការប្រើប្រាស់ជាកាតព្វកិច្ចនៃតម្លៃធ្យូងថ្ម ដែលកំណត់ដោយរដ្ឋាភិបាល សម្រាប់ប្រតិបត្តិការ។
នាយកប្រតិបត្តិសមាគមរុករករ៉ែឥណ្ឌូនេស៊ី បានលើកឡើងដែរថា គោលនយោបាយថ្មីៗ ដែលតម្រូវឱ្យក្រុមហ៊ុននាំចេញធនធានរ៉ែ ត្រូវរក្សាប្រាក់ចំណូលទាំងអស់ សម្រាប់រយៈពេលមួយឆ្នាំនោះ ក៏នឹងរឹតបន្តឹងលំហូរសាច់ប្រាក់ផងដែរ៕