(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា លោកបានស្នើសុំសហរដ្ឋអាមេរិកកុំឱ្យដកហូតពន្ធគយលើប្រទេសរបស់លោក ប៉ុន្តែមិនទទួលបានការធានាណាមួយថា ប្រទេសជប៉ុននឹងត្រូវបានលើកលែងនោះទេ ដែលពន្ធគយទំាងនេះរួមមានទាំងពីពន្ធដែក និងអាលុយមីញ៉ូម ២៥ភាគរយដែលគ្រោងចូលជាធរមាននៅថ្ងៃពុធផងដែរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Yoji Muto បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer និងទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់សេតវិមានលោក Kevin Hassett ថា៖ «យើងបានយល់ព្រមបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងពិភាក្សាក្នុងកម្រិតការងារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
នៅក្នុងគោលបំណងបញ្ចុះបញ្ចូលលោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យលើកលែងប្រទេសជប៉ុនពីការយកពន្ធគយលើរថយន្ត និងផលិតផលផ្សេងទៀត លោក Muto និងមន្ត្រីជាន់ខ្ពស់ជប៉ុនផ្សេងទៀតហៅប្រទេសជប៉ុនថាជាដៃគូសេដ្ឋកិច្ចជិតស្និទ្ធដែលបានវិនិយោគយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចអាមេរិក និងបង្កើតការងារបានរាប់លានកន្លែង។
អត្រាពន្ធគយថ្មី ២៥ភាគរយលើការនាំចូលដែកនិងអាលុយមីញ៉ូមទៅកាន់សហរដ្ឋអាមេរិក ត្រូវបានកំណត់ចូលជាធរមាននៅថ្ងៃទី១២ ខែមីនានេះ នេះបើយោងតាមបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយប្រធានាធិបតី ដូលណាល់ ត្រាំ កាលពីខែមុន។
ក្នុងកិច្ចពិភាក្សាជាមួយសមភាគីអាមេរិក លោករដ្ឋមន្ត្រី Muto បាននិយាយថា ពួកគេក៏បានពិភាក្សាអំពីការទិញឧស្ម័នធម្មជាតិរាវរបស់សហរដ្ឋអាមេរិកបន្ថែមទៀតផងដែរ ហើយការពិភាក្សាក៏ធ្វើឡើងអំពីគម្រោងបំពង់បង្ហូរឧស្ម័ននៅរដ្ឋអាឡាស្កា និងការសំណើរបស់ក្រុមហ៊ុន Nippon Steel ដើម្បីទិញក្រុមហ៊ុនដែក US Steel របស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕