(វ៉ាស៊ីនតោន)៖ តម្លៃស៊ុតនៅសហរដ្ឋអាមេរិក បានកើនឡើងជាថ្មីម្តងទៀត នៅក្នុងរបាយការណ៍អតិផរណាប្រចាំខែកុម្ភៈ ក្នុងគ្រាដែលពេលការខ្វះខាត ដែលបណ្តាលមកពីជំងឺផ្តាសាយបក្សី ប៉ុន្តែមានសញ្ញាបង្ហាញថា ការធ្លាក់ចុះតម្រូវការកំពុងនាំមកនូវភាពធូរស្រាលខ្លះវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់របាយការណ៍ របស់ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា តម្លៃស៊ុតបានកើនឡើង ១០,៤% នៅក្នុងខែកុម្ភៈធៀបនឹងខែមករា ដែលផ្ទុយនឹងនិន្នាការរួមនៃការថយចុះអតិផរណាស្បៀងអាហារ។

ទោះជាយ៉ាងណា យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា តម្លៃបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការធ្លាក់ចុះតម្រូវការ។

លោក Brian Moscogiuri អនុប្រធានក្រុមហ៊ុនផ្គត់ផ្គង់ស៊ុត Eggs Unlimited បានប្រាប់ Bloomberg ថា៖ «យើងពិតជាមើលឃើញតម្លៃធ្លាក់ចុះយ៉ាងឆាប់រហ័ស»។ លោកបានបន្ថែមថា៖ «យើងឃើញអ្នកប្រើប្រាស់ចាប់ផ្តើមឈប់ ត្រូវការស៊ុតដោយសារពួកគេមើលឃើញថា វាមានតម្លៃថ្លៃ។ វាហាក់ដូចជាតម្រូវការបានធ្លាក់ចុះយ៉ាងខ្លាំង»

ស៊ុតនៅទូទាំងប្រទេសមានតម្លៃ ៦,៨៥ដុល្លារក្នុង១២ស៊ុត គិតត្រឹមថ្ងៃទី៧ ខែមីនា ធ្លាក់ចុះ ១៦% ពីតម្លៃខ្ពស់បំផុត ៨,១៥ដុល្លារកាលពីពីរសប្តាហ៍មុន។ នេះបើយោងតាមក្រសួងកសិកម្មអាមេរិក។

ការផ្ទុះជំងឺផ្ដាសាយបក្សីជាបន្តបន្ទាប់បានរឹតបន្តឹងការផ្គត់ផ្គង់ ដែលនាំឱ្យតម្លៃកើនឡើងខ្លាំងមិនធ្លាប់មាន ហើយអ្នកប្រើប្រាស់ត្រូវប្រឈមនឹងការដែលគ្មានស៊ុតបរិភោគ។ កត្តានេះបានបង្កឱ្យមានបញ្ហាធំមួយសម្រាប់រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ ដែលបានសន្យាថានឹងកាត់បន្ថយអតិផរណាស្បៀងអាហារ ហើយថ្មីៗនេះបានប្រកាសផែនការប្រាំផ្នែក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយបក្សី រួមទាំងការជំរុញការនាំចូលស៊ុតផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕