(បាងកក)៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Paopoom Rojanasakul បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសថៃគ្រោងនឹងផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់ការផលិតរថយន្តកូនកាត់ Plug-in ដែលនឹងចូលជាធរមានចាប់ពីឆ្នាំ២០២៦តទៅ ប្រសិនបើវិធានការនេះត្រូវបានអនុម័ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Paopoom ខណៈថ្លែងថា ស្ថិតក្រោមផែនការលើកទឹកចិត្តផ្នែកពន្ធនេះ ការប្រមូលពន្ធនឹងផ្អែកលើកម្រិតរយៈចម្ងាយដែលរថយន្តអាចធ្វើដំណើរបាន ពោលគឺពន្ធនឹងមានអត្រាកាន់តែទាបសម្រាប់រថយន្តកូនកាត់ Plug-in ដែលបើកបរបានរយៈចម្ងាយកាន់ឆ្ងាយ។ លោកបានបន្ថែមថា សំណើនេះនឹងត្រូវបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីថៃ នៅខែមេសាខាងមុខនេះ។
ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តធំបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួន របស់ពិភពលោក រួមទាំងក្រុមហ៊ុន Toyota និងក្រុមហ៊ុន Honda ប៉ុន្តែឧស្សាហកម្មនេះស្ថិតក្នុងការធ្លាក់ចុះយ៉ាងខ្លាំង។
ការផលិតរថយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះមួយភាគដប់ កាលពីឆ្នាំមុនដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ឆ្នាំដោយសារការលក់ក្នុងស្រុក និងការនាំចេញបានធ្លាក់ចុះ ២៦ភាគរយ និង ៨,៨ភាគរយរៀងគ្នា។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជាក្រុមហ៊ុន BYD និងក្រុមហ៊ុន Great Wall Motors បានចំណាយប្រាក់ជាង ៣ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រនៅក្នុងប្រទេសថៃ ហើយការលក់បញ្ចុះថ្លៃខ្លាំងរបស់ក្រុមហ៊ុនទាំងនេះ ក៏កំពុងដាក់សម្ពាធលើដៃគូប្រកួតប្រជែងក្នុងវិស័យរថយន្តថៃ ដែលមានចំណែក ១០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែមុនថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន រួមទាំងរថយន្តរបស់ក្រុមហ៊ុន Toyota បាននិងកំពុងពិភាក្សាជាមួយរដ្ឋាភិបាលថៃ អំពីកម្មវិធីទិញរថយន្តចាស់ចូលប្តូររថយន្តថ្មី ដើម្បីជំរុញការលក់។
លោក Paopoom បាននិយាយថា ក្រសួងហិរញ្ញវត្ថុថៃក៏មានគម្រោងដាក់ចេញការធានាឥណទាន សម្រាប់អ្នកទិញរថយន្តភីកអាប់ផងដែរ ដោយវិធានការទាំងនោះត្រូវបានរំពឹងថានឹងត្រូវបានដាក់ឱ្យដំណើរការ មុនការតាំងពិព័រណ៍រថយន្តប្រចាំឆ្នាំនៅចុងខែមីនានេះ៕