(ប៉េកាំង)៖ ឯកសាររបស់រដ្ឋាភិបាលចិនបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តអគ្គិសនីប្រភេទ Crossover YU7 របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi នឹងមានសមត្ថភាពអាចបើកបរបានរយៈចម្ងាយរហូតដល់ ៧៧០ គីឡូម៉ែត្រ (៤៧៨ ម៉ាយល៍)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

រថយន្ត Xiaomi YU7 នឹងក្លាយជារថយន្តប្រភេទ SUV ដំបូងបង្អស់របស់ក្រុមហ៊ុន Xiaomi និងត្រូវបានរំពឹងថានឹងវាយលុកទីផ្សារនៅរដូវក្តៅនេះដើម្បីប្រជែងជាមួយរថយន្តម៉ូដែល Y របស់ក្រុមហ៊ុន Tesla។

រថយន្ត Xiaomi YU7 ដែលមុខងាររបស់រថយន្តនេះនឹងរួមបញ្ចូលគ្នានូវលក្ខណៈពិសេសនៃរថយន្តប្រភេទ Crossover SUV បែបប្រពៃណីជាមួយនឹងដំណើរការថាមពលអាគុយ ក៏ត្រូវបានផលិតឡើងចេញជារថយន្តប្រភេទបើកបរបានរយៈចម្ងាយខ្លីផងដែរគឺ ៦៧៥គីឡូម៉ែត្រ និង៧៦០ គីឡូម៉ែត្រ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្មចិន រថយន្តនេះស្ថិតក្នុងចំណោមម៉ូដែលដែលត្រូវបានផលិតឡើងថ្មីក្នុងពេលដែលមានការបញ្ចុះអត្រាពន្ធ។

ក្រុមហ៊ុន Tesla កាលពីចុងខែកុម្ភៈបានចាប់ផ្តើមចែកចាយរថយន្តម៉ូដែល Y ដែលត្រូវបានកែលម្អឡើងវិញ ។ រថយន្តដែលត្រូវបានកែលម្អថ្មីនេះអាចបើកបរបានរយៈចម្ងាយ ៧១៩គីឡូម៉ែត្រក្នុងពេលបញ្ចូលអាគុយម្តង ពោលគឺកើនឡើងពី ៦៨៨គីឡូម៉ែត្រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕