(វ៉ាស៊ីនតោន)៖ មន្ត្រីពាណិជ្ជកម្មកំពូលរបស់វៀតណាមលោក ង្វៀន ហុងឌៀន ដែលកំពុងរិះរកវិធីការពារប្រទេសពីពន្ធគយ ដែលអាចធ្វើឡើងដោយលោក ដូណាល់ ត្រាំ បានប្រាប់អ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer ថា វៀតណាមកំពុងបង្កើតវិធានការនានា ដើម្បីធានាទំនាក់ទំនងសេដ្ឋកិច្ច «ប្រកបដោយនិរន្តរភាព» រវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មថា លោក ឌៀន នៅក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់លោក Greer ថា វៀតណាមកំពុងអនុវត្តវិធានការនានាដើម្បីបង្កើត «ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគប្រកបដោយនិរន្តរភាព» ជាមួយសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញ នូវសំណើរបស់វៀតណាមក្នុងការទទួលបានការទទួលស្គាល់ថា វៀតណាមគឺជាប្រទេសមានឋានៈជាសេដ្ឋកិច្ចទីផ្សារ ដែលនឹងជួយដល់ការនាំចេញ របស់ក្រុមហ៊ុនវៀតណាមទៅកាន់អាមេរិក។
លោក Greer បានប្រាប់ ឌៀន ថា វៀតណាមត្រូវមានដំណោះស្រាយខ្លាំងជាងមុន ដើម្បីបើកទីផ្សាររបស់ខ្លួន និងកែលម្អតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
យោងតាមការិយាល័យពាណិជ្ជកម្មអាមេរិក (USTR) បានឱ្យដឹងថា សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មចំនួន ១២៣,៥ពាន់លានដុល្លារជាមួយវៀតណាមក្នុងឆ្នាំ២០២៤ ដែលបានទាញចំណាប់អារម្មណ៍ទៅកាន់ប្រទេសនេះ ខណៈដែលរបៀបវារៈ «អាមេរិកជាអាទិភាព» របស់លោក ត្រាំ ពឹងផ្អែកលើពន្ធគយធ្វើជាផ្នែកមួយ នៃយុទ្ធសាស្រ្តដើម្បីកែតម្រូវនូវអ្វីដែលខ្លួន មើលឃើញថាជាគោលនយោបាយពាណិជ្ជកម្មមិនស្មើភាព។
ឱនភាពពាណិជ្ជកម្មជាមួយវៀតណាមមានទំហំធំទី៣ សម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសចិន និងម៉ិកស៊ិក។ វៀតណាមបានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាទិសដៅនាំចេញធំជាងគេទីបីរបស់ប្រទេសចិនជាលើកដំបូងក្នុងឆ្នាំ២០២៤ ដែលបានធ្វើឱ្យវៀតណាមស្ថិតក្នុងជួរមុខ នៃជម្លោះសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕