(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនង CoolApp សម្រាប់ដែនសុវត្ថិភាពក្នុងស្រុក ដើម្បីជៀសវាងការលួចយកទិន្នន័យផ្សេងៗ។
លើកឡើងក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់នៃសុវត្ថិភាពតាមអ៉ិនធើណិត លើអាជីវកម្មខ្នាតតូច» លោកបានសម្គាល់ឃើញថា ក្នុងការធ្វើអាជីវកម្មមួយចំនួននឹងមានការផ្ញើទិន្នន័យផ្សេងៗទៅវិញទៅមក តាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដែលអាចនឹងប្រឈមមុខការលួចយកទិន្នន័យផ្សេងៗ ព្រោះរាល់ការផ្ញើសារភាគច្រើននឹងផ្ញើទៅ Data center ដែលបច្ចុប្បន្ន មាននៅសហរដ្ឋអាមេរិក សិង្ហបុរីជាដើម។
លោកបន្ថែមថា កន្លងមកក៏មានម្ចាស់អាជីវកម្មតែងតែរងនូវការលួចយកទិន្នន័យពីជនអនាមិក ហេតុដូច្នេះហើយម្ចាស់អាជីវកម្មនានា គួរតែជ្រើសរើសប្រព័ន្ធទំនាក់ទំនងណាមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់។ លោកលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម CoolApp ដែលជាបណ្តាញសង្គមបង្កើតឡើងដោយកូនខ្មែរ ដែលអាចផ្តល់នូវសុវត្ថិភាពខ្ពស់ ក្នុងការទំនាក់ទំនង ឬការផ្ញើទិន្នន័យផ្សេងៗ។ ជាមួយគ្នានេះ CoolApp មានមុខងារច្រើន និងអាចផ្ញើរូបភាពបានច្បាស់ល្អ ដែលផ្តល់ភាពងាយស្រួលដល់ការទំនាក់ទំនងផងដែរ។
លោកបន្ថែមថា «ដូចដែលយើងបានឃើញហើយថា កន្លងមកនេះសម្តេចតេជោ ហ៊ុន សែន ក៏លោកប្រកាសដែរថា យើងនៅកម្ពុជា គួរនាំគ្នាប្រើ CoolApp ទៅ ព្រោះវាជា Platform របស់ជាតិយើង»។
សូមជម្រាបថា CoolApp គឺជាបណ្តាញទំនាក់ទំនងលើកដំបូងរបស់កម្ពុជា ប្រើប្រាស់ក្នុងដែនសុវត្ថិភាពប្រទេសខ្មែរ និងកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ដែលមកទល់ពេលបច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ប្រមាណជាងកន្លះលាននាក់។
តាមរយៈ CoolApp លោកអ្នកអាចខលរកគ្នាច្បាស់ទាំងរូបភាព និងសំឡេងងាយស្រួលដល់ការទំនាក់ទំនង។ ជាមួយគ្នា លោកអ្នកក៏អាចផ្ញើរូបភាព ជា Original File (រូបភាពទំហំធំ) បាន ជាមួយគុណភាពច្បាស់ ផ្ញើសារជា File ទំហំប៉ុន្មាន គឺផ្ញើចេញទៅទំហំដូចគ្នា ទាំងរូបភាព និងវិដេអូ៕