(ភ្នំពេញ)៖ ក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,LTD ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិន បានចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួតកម្ពុជា និងបានសម្រេចនាំចេញដំឡូងមីស្ងួតពីកម្ពុជាជាលើកដំបូង ទៅកាន់ទីផ្សារចិន។
ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជា ជាលើកដំបូងរបស់ក្រុមហ៊ុន COFCO BIO-TECHNOLOGY និងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO.,Ltd និងក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,Ltd ត្រូវបានរៀបចំឡើងនាថ្ងៃទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងប៉ីហៃ ខេត្តក្វាងស៊ី។
ពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦។
ការចុះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនផងដែរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានសម្តែងការសាទរចំពោះក្រុមហ៊ុនចិនមួយនេះ ដែលបានសម្រេចនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ប្រទេសចិន។ ជាទូទៅក្រសួងលើកទឹកចិត្តឱ្យមានការកែច្នៃមុននឹងធ្វើការនាំចេញ ក៏ដូចជាការច្នៃក្នុងកម្រិតបឋម ជាជាងការនាំចេញឆៅ ឬស្រស់ ដែលមិនបានផ្តល់តម្លៃបន្ថែមទៅដល់សេដ្ឋកិច្ចកម្ពុជា។
យ៉ាងមិញលោកបានគូសបញ្ជាក់ថា នេះជាមិនមែនជាក្រុមហ៊ុនទីមួយទេ ដែលនាំចេញដំឡូងមីស្ងួតពីកម្ពុជា ទៅកាន់ប្រទេសចិន ដោយផលិតផលកម្ពុជាប្រភេទនេះ ត្រូវបាននាំចេញជាប្រចាំទៅកាន់ប្រទេសចិនផងដែរ ព្រោះកម្ពុជាមានកិច្ចព្រមព្រៀងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញ (SPS) ជាមួយចិនជាច្រើនឆ្នាំមកហើយ។
បើតាមអ្នកនាំពាក្យរូបនេះ ចំពោះការនាំចេញផលិតផលដំឡូងមីទៅចិន ភាគច្រើន គឺប្រភេទដំឡូងមីស្ងួត (ចំណិតដំឡូងមីក្រៀម) ម្ស៉ៅ និងសំណល់ដំឡូងមី។ ចំណែកដំឡូងមីស្រស់ នាំចេញទៅប្រទេសជិតខាង។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលពីឆ្នាំ២០២៤ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀម ចំនួន ៩៦៤ ៦៨១ តោន, ដំឡូងមីស្រស់ចំនួន ៣ ៤៤៣ ៧៦០តោនម្សៅដំឡូងមីចំនួន ៦០ ៥២៤ និងកាកសំណល់ដំឡូងមីចំនួន ៣៣ ១៥៣ តោន៕