(បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបាននិយាយកាលពីថ្ងៃសុក្រថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន។ លោកបានសន្យាថានឹងចាត់វិធានការបន្ថែមទៀតដើម្បីជួយជំរុញលទ្ធភាពទទួលបានឥណទាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសថៃមានអនុបាតបំណុលគ្រួសារធៀបនឹង ផ.ស.ស ចំនួន ៨៩,៦ភាគរយគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៤ ដែលស្មើនឹង ១៦,៣ពាន់ពាន់លានបាត (៤៨២ពាន់លានដុល្លារ) ដែលស្ថិតក្នុងចំណោមប្រទេសដែលមានកម្រិតបំណុលខ្ពស់បំផុតនៅអាស៊ី។ រដ្ឋាភិបាលថៃមើលឃើញថា បំណុលគ្រួសារជាឧបសគ្គដ៏ធំចំពោះការប្រើប្រាស់និងកំណើនសេដ្ឋកិច្ច។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Pichai Chunhavajira ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «ទោះបីជាបំណុលគ្រួសារមិនបានធ្លាក់ចុះភ្លាមៗក៏ដោយ ប៉ុន្តែវាបានចាប់ផ្ដើមមានស្ថិរភាព»។ លោកបានបន្ថែមថា ក្រសួងនឹងពិភាក្សាជាមួយធនាគារនានានៅថ្ងៃអង្គារ ដើម្បីបន្ធូរបន្ថយលក្ខខណ្ឌឥណទានសម្រាប់អ្នកខ្ចី។

លោកបានបន្តថា កម្ចីមិនដំណើរការប្រចាំត្រីមាសមិនមានការកើនឡើងទេ។ លោកក៏បានលើកឡើងផងដែរពីកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី៣ និងទី៤ កាលពីឆ្នាំមុនដែលមានលើស ៣ភាគរយ។

រដ្ឋាភិបាលរបស់ប្រទេសថៃមានគោលដៅកំណើនសេដ្ឋកិច្ច ៣ភាគរយនៅឆ្នាំនេះ ហើយសង្ឃឹមថា កំណើនសេដ្ឋកិច្ចនឹងកើតខ្ពស់ជាងអត្រានេះតាមរយៈវិធានការជំរុញសេដ្ឋកិច្ចដែលមានតម្លៃ ៤,៤ពាន់លានដុល្លារ និងវិធានការផ្សេងទៀតដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។ សេដ្ឋកិច្ចថៃបានកើនឡើង ២,៥ ភាគរយកាលពីឆ្នាំមុនដែលទាបជាងប្រទេសជិតខាងរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕