(ភ្នំពេញ)៖ នៅចំពោះមុខថ្នាក់ដឹកនាំ មន្ត្រីអគ្គនាយកដ្ឋានពន្ធដារ និងអ្នកជំនួញដែលម្ចាស់ក្រុមហ៊ុនជាង ១ ១០០ នាក់ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តប្រកាន់ខ្ជាប់ នូវគោលជំហរផ្ដល់សេវាអ្នកជាប់ពន្ធ ប្រកបដោយគុណភាពខ្ពស់ និងកសាងប្រព័ន្ធពន្ធដារ ដែលមានលក្ខណៈល្អប្រសើរ ជាប្រយោជន៍ជួយឱ្យការប្រមូលពន្ធសម្រាប់ថវិកាជាតិ កាន់តែមានប្រសិទ្ធភាព គណនេយ្យភាព។
ការអះអាងនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ» នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរផ្ដល់សេវាអ្នកជាប់ពន្ធ ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះពង្រឹងការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងតាមអនឡាញ ដោយមានគាំទ្រពីក្រុមការងារ e-Tax Service និង Call Center-1277 ក្នុងការដោះស្រាយរាល់ចម្ងល់ និងបញ្ហាប្រឈមនានា។
លោកសង្កត់ធ្ងន់ថា «អគ្គនាយកដ្ឋានពន្ធដារ មានការតាំងចិត្តក្នុងការរៀបចំកសាងប្រព័ន្ធពន្ធដារ ដែលមានលក្ខណៈល្អប្រសើរ អាចព្យាករពន្ធបាន (Tax Predictability)។ កត្តាទាំងអស់នេះ គឺត្រូវការការចូលរួមពីអ្នកជាប់ពន្ធ ដែលជាម្ចាស់សហគ្រាសទាំងអស់ ក្នុងការគាំទ្រ និងអនុវត្តកាតព្វកិច្ចពន្ធឱ្យបានត្រឹមត្រូវ និងសង្គតិភាព ប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាព ដោយមិនបង្កឱ្យមានវិការភាពសេដ្ឋកិច្ច»។
លោកបានបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍អភិបាលកិច្ចល្អ (Good Governance) ក្នុងការអនុវត្តកិច្ចការងារគ្រប់គ្រង ការប្រមូលចំណូលពន្ធទាំងមូល ពីព្រោះអគ្គនាយកដ្ឋានពន្ធដារត្រូវមានទំនួលខុសត្រូវ និងគណនេយ្យភាព ចំពោះមុខក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាល និងចំពោះអាជ្ញាធរសវនកម្មជាតិផងដែរ។ ដូចគ្នានេះដែរ អ្នកជាប់ពន្ធក៏ចាំបាច់ត្រូវប្រកាន់ជំហរគោរពប្រតិបត្តិ តាមគោលការណ៍អភិបាលកិច្ចសារជីវកម្មល្អ (Good Corporate Governance) ផងដែរ ដើម្បីធានាបាននូវតម្លាភាព ការទទួលខុសត្រូវ និងគណនេយ្យភាពនៃប្រតិបត្តិការអាជីវកម្ម។
អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យប្រើប្រាស់នូវនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) សវនកម្មពន្ធដារ ដើម្បីកំណត់ឱ្យបានជាក់លាក់ និងច្បាស់លាស់នូវដំណើរបែបបទ និងនីតិវិធីនៃការធ្វើសវនកម្ម ក៏ដូចជាដើម្បីពង្រឹងក្រមសីលធម៌ លើការធ្វើសវនកម្មរបស់មន្រ្តីរាជការពន្ធដារ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីប្រតិភូ បានស្នើសុំឱ្យភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ បន្តពង្រឹងសមត្តភាព និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាអ្នកជាប់ពន្ធចៀសវាងការប្រកាសបង់ពន្ធ ជូនអ្នកជាប់ពន្ធខុស ឬយឺតយ៉ាវ ឬមានភាពខ្វះចន្លោះ ជាយថាហេតុ និងដាច់ខាតត្រូវចៀសឱ្យផុតពីការពាក់ព័ន្ធនឹងអំពើគេចវេះពន្ធ។
រដ្ឋមន្ត្រីប្រតិភូ គង់ វិបុល រំលឹកឱ្យអ្នកជាប់ពន្ធចូលរួមប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន និងសេវា e-Tax Service និង Call Center-1277 របស់អគ្គនាយកដ្ឋានពន្ធដារ និងផ្តល់ជាមតិត្រលប់ (User Feedback) ដើម្បីឱ្យអគ្គនាយកដ្ឋានពន្ធដារ បន្តផ្តល់សេវាឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ថែមទៀត។
ស្របតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ២០២៤-២០២៨ អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងខិតខំធ្វើបរិវត្តកម្មរដ្ឋបាលសារពើពន្ធជំនាន់ ២.0 ទៅ ២.០ បូក (Tax administration 2 Plus) នៅក្នុងឆ្នាំ២០២៨ និងបន្តឈានទៅសម្រេចបាននូវជំនាន់ ៣.០ (Tax Administration 3.0) បន្ទាប់ពីឆ្នាំ២០២៨ តទៅដែលមានន័យថា ជារដ្ឋបាលសារពើពន្ធឌីជីថលទាំងស្រុងតែម្តង ដែលនៅពេលនោះរាល់ការផ្តល់សេវាពន្ធដារ ចុះបញ្ជីពន្ធដារ ដាក់លិខិតប្រកាសពន្ធ បង់ប្រាក់ពន្ធ គឺធ្វើឡើងតាមមធ្យោបាយនិងទម្រង់ឌីជីថលទាំងស្រុង ដែលនឹងផ្តល់ភាពងាយស្រួល លឿនរហ័ស ទៀងទាត់ ជាក់លាក់ និងតម្លាភាពខ្ពស់ជូនអ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចពន្ធ៕