(កូឡុំបូ)៖ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានកើនឡើងលឿនជាងការរំពឹងទុក កាលពីត្រីមាសមុន ដែលបង្ហាញពីសកម្មភាពក្នុងស្រុកដ៏រឹងមាំ ដែលគាំទ្រដោយជំនួយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយ ដោយនាយកដ្ឋានស្ថិតិស្រីលង្កាកាលពីថ្ងៃអង្គារថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៥,៤% ក្នុងរយៈពេលបីខែចុងក្រោយក្នុងឆ្នាំ២០២៤ ដែលខ្ពស់ជាងអត្រា ៥,៣ % ក្នុងការព្យាករដោយសេដ្ឋវិទូនៅក្នុងការស្ទង់មតិរបស់ Bloomberg។ តួលេខ ផ.ស.ស ត្រីមាសទី៣ ឆ្នាំ២០២៤ ត្រូវបានកែសម្រួលទន្ទាបពី ៥,៥% មកនៅត្រឹម ៥,៣ %។

សម្រាប់រយៈពេលពេញមួយឆ្នាំ សេដ្ឋកិច្ចស្រីលង្កាបានកើនឡើង ៥% ខណៈដែលកាលពីឆ្នាំ២០២៣ បានធ្លាក់ចុះ ២,៣%។

ប្រទេសស្រីលង្កាបាន និងកំពុងស្ទុះងើបឡើងវិញ ពីការបរាជ័យសងបំណុល ដែលមិនធ្លាប់មានពីមុនមកកាលពីឆ្នាំ២០២២ ហើយនៅឆ្នាំ២០២៥ នេះ សេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនឡើងប្រហែល ៥%។ ប្រទេសអាស៊ីខាងត្បូងមួយនេះ ទទួលបានប្រាក់កម្ចីប្រហែល ៣៣៤លានដុល្លារពីមូលនិធិ IMF ក្នុងខែនេះ ដែលជួយជំរុញដល់ការស្ទុះងើបសេដ្ឋកិច្ចបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕