(បាងកក)៖ ធនាគារកណ្តាលថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់ របស់ប្រទេសថៃ ត្រូវតែធានាឱ្យមានវិន័យហិរញ្ញវត្ថុល្អ ខណៈពេលដែលគាំទ្រដល់លទ្ធភាព ទទួលបានឥណទានសម្រាប់កូនបំណុលផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលថៃថា បញ្ហានេះមានភាពស្មុគស្មាញ ហើយត្រូវការកិច្ចសហប្រតិបត្តិការ ពីភាគីជាច្រើនដើម្បីដោះស្រាយ។

ការលើកឡើងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណួរមួយ ទៅនឹងគំនិតដែលស្នើឡើងដោយអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល របស់ប្រទេសថៃគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបានលើកឡើងឱ្យមានការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនទិញ និងគ្រប់គ្រងបំណុលរបស់ប្រជាជនថៃពីធនាគារ និងជម្រះឈ្មោះរបស់ពួកគេចេញពីកំណត់ត្រាបំណុល ដែលមាននៅការិយាល័យឥណទាន។

បំណុលគ្រួសាររបស់ប្រទេសថៃមានចំនួន ១៦,៣៤ពាន់ពាន់លានបាត (៤៨៦ពាន់លានដុល្លារ) គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ ឬស្មើនឹង ៨៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលជាកម្រិតខ្ពស់បំផុតមួយ ក្នុងចំណោមបំណុលខ្ពស់បំផុតនៅអាស៊ី។

រដ្ឋាភិបាលថៃដែលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ បាននិយាយម្តងហើយម្តងទៀតថា បំណុលនេះកំពុងរារាំងសេដ្ឋកិច្ចថៃ ដែលបានកើនឡើងត្រឹមតែ ២,៥ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន។ ធនាគារកណ្តាលបានព្យាករថានឹង សេដ្ឋកិច្ចថៃនឹងមានកំណើនខ្ពស់ជាង ២,៥ភាគរយនៅឆ្នាំនេះ។

ធនាគារកណ្តាលថៃបាននិយាយថា ការដោះស្រាយបញ្ហាបំណុលត្រូវតែធ្វើឡើងដោយផ្ទាល់ និងពង្រឹងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុទាំងមូល ដោយគិតទៅលើតម្លៃនៃការប្រើប្រាស់ធនធាន និងថវិការបស់ប្រទេស ដើម្បីបង្កើតអត្ថប្រយោជន៍អតិបរមា។

ធនាគារនេះបានបន្ថែមថា វិធានការនានាគួរពិចារណាទៅលើមូលហេតុនៃបញ្ហា គោលការណ៍នៃការអនុវត្តវិធានការ និងផលប៉ះពាល់ដែលអាចកើតមាន ដើម្បីបង្កើតលទ្ធផលប្រកបដោយនិរន្តរភាពបំផុត សម្រាប់ទាំងកូនបំណុល និងប្រព័ន្ធសេដ្ឋកិច្ចថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕