(ភ្នំពេញ)៖ ក្រុមហ៊ុន IKEA ជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយ នៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។
នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦.៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមានសកម្មភាពវិនិយោគក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ និងវៀតណាម។
ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃបរិយាកាសវិនិយោគ លោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន IKEA បានមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជា តាមរយៈការជួបជាមួយមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។
លោកអគ្គលេខាធិការបានជម្រាប ជូនគណៈប្រតិភូដោយសង្ខេប អំពីគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្ត ដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។
លោកអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីឆាប់ទទួលបានផលចំណេញ។
លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានពិតជាក់ស្តែង សម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត។ លោក GIAFAR SAFAVERDI បានជម្រាបជូនថានេះជាលើកទី១ ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន៕