(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដាស់តឿនដល់អ្នកនាំចេញត្រូវត្រៀមខ្លួន «អនាគតទីផ្សារពិភពលោក ពិសេសអឺរ៉ុប» ដែលគេនឹងគិតគូរ និងតម្រូវឱ្យនាំចូលផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។

ការលើកឡើងរបស់ បណ្ឌិត កៅ ថាច ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា»

លោកបានពន្យល់ថា ប្រទេសមួយចំនួន គេនឹងមានច្បាប់របស់គេ ក្នុងការកំណត់ទៅផលិតផលដែលនាំចូលទៅកាន់ទីផ្សារគេ គឺជាផលិតផលដែលមានការទទួលខុសត្រូវលើសង្គម និងបរិស្ថាន ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ដូច្នេះហើយ ប្រសិនបើអ្នកផលិតមិនគោរពតាមច្បាប់ និងបែបបទដែលគេតម្រូវនោះទេ នឹងមិនអាចនាំចូលផលិតផលទៅប្រទេសគេបាននោះទេ។ ជាក់ស្តែងថ្មីៗនៅសហគមន៍អឺរ៉ុប ដែលជាទីផ្សារធំមួយរបស់កម្ពុជា បានបង្កើតនូវបទបញ្ញត្តិមួយ ដែលនឹងដាក់បន្ទុកលើផលិតផល ទាំងអស់ដែលនាំចូលទៅអឺរ៉ុប ត្រូវតែគោរពទៅតាមវិធាន និងបទបញ្ញត្តិនេះ ប្រសិនអ្នកផលិត និងនាំចេញមិនគោរពតាមបទបញ្ញត្តិនេះនោះទេ នឹងមិនអាចនាំចូលទៅក្នុងទីផ្សារអឺរ៉ុបបានទេ។ ដូច្នេះហើយ លោកចង់ឱ្យ អ្នកផលិត និងនាំចេញទំនិញ នៅកម្ពុជា យកចិត្តទុកដាក់ទៅលើបញ្ហានេះ ពោលគឺត្រូវគិតគូរ ទៅលើការផលិត និងកែច្នៃផលិតដែលមានការទទួលខុសត្រូវលើសង្គម និងបរិស្ថាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការនាំចេញ ផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនាពេលអនាគត ជាពិសេសផលិតផលិតផលកសិកម្ម ។

លោកបានគូសបញ្ជាក់ថា អឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំសម្រាប់កម្ពុជា ក្នុងករណីដែលកម្ពុជាមិនអាចនាំចូលទៅក្នុងទីផ្សារទាំងនេះបាន វានឹងផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅថ្ងៃអនាគតផងដែរ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោកបណ្ឌិត កៅ ថាច៖