(វ៉ាស៊ីនតោន)៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួមនឹងវិនិយោគទឹកប្រាក់ ១,៤ពាន់ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ឆ្នាំ។ ការប្រកាសនេះធ្វើឡើងក្រោយមានកិច្ចប្រជុំកាលពីដើមសប្តាហ៍នេះរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក Sheikh Tahnoon Bin Zayed Al Nahyan ទីប្រឹក្សាសន្តិសុខជាតិរបស់អាមីរ៉ាតអារ៉ាប់រួម។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃសុក្រថា៖ «ការវិនិយោគថ្មីនេះនឹងបង្កើនយ៉ាងខ្លាំងនូវការវិនិយោគដែលមានស្រាប់របស់អេមីរ៉ាតអារ៉ាប់រួមនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ AI, ស៊ីមីកុងដាក់ទ័រ (បន្ទះឈីប) ថាមពល និងកម្មន្តសាលរបស់អាមេរិក»។

សេចក្តីប្រកាសព័ត៌មាននេះក៏បានរំលេចសេចក្តីប្រកាសមួយដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះថា ក្រុមហ៊ុនផលិតបន្ទះឈីបចំនួនពីរគឺក្រុមហ៊ុន Nvidia Corp និងក្រុមហ៊ុន xAI របស់លោក Elon Musk នឹងចូលរួមជាផ្លូវការជាមួយក្រុមហ៊ុន MGX របស់រដ្ឋធានីអាប៊ុយដាប៊ី ក្រុមហ៊ុន Microsoft Corp. និងក្រុមហ៊ុន BlackRock Inc. នៅក្នុងការបង្កើតភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិតមួយដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត។

មិនទាន់មានភាពច្បាស់លាស់នៅឡើយទេថាតើការវិនិយោគរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលបានប្រកាសកាលពីថ្ងៃសុក្រនេះនឹងរួមបញ្ចូលទាំងសិទ្ធិទទួលបានបន្ទះឈីបទំនើបៗពីក្រុមហ៊ុននានារួមទាំងក្រុមហ៊ុន Nvidia ឬយ៉ាងណានោះទេ ដែលបច្ចុប្បន្នករណីនេះស្ថិតក្រោមការរឹតបន្តឹងការនាំចេញដោយសហរដ្ឋអាមេរិក។ អេមីរ៉ាតអារ៉ាប់រួមបាននិងកំពុងស្វែងរកការជំរុញការវិនិយោគលើបច្ចេកវិទ្យា និងថាមពលអាមេរិកក្នុងគោលបំណងទិញបន្ទះឈីបទាំងនោះដែលជាផ្នែកមួយនៃការជំរុញឱ្យក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ខាងភ្នែកបញ្ញាសិប្បនិម្មិត។

បន្ទាប់ពីកិច្ចប្រជុំកាលពីយប់ថ្ងៃអង្គារ លោក Sheikh Tahnoon បាននិយាយថា លោកបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសលោក «ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកតាមរយៈការពន្លឿនការវិនិយោគលើបញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាទំនើប ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការថែទាំសុខភាព»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕