(បាងកក)៖ ការិយាល័យឥណទានជាតិ (NCB) នៃប្រទេសថៃបានឱ្យដឹងថា កម្ចីមិនដំណើរការ (NPL) ក្នុងផ្នែកឥណទានគ្រួសារ ឬហៅថាបំណុលគ្រួសារអាក្រក់ (bad debt) នៅក្នុងប្រទេសថៃបានកើនឡើង ២៥% គិតចាប់តាំងពីដំណាច់ឆ្នាំ២០២២ ដែលកើនឡើងដល់កម្រិតខ្ពស់បំផុត ១,២៣ពាន់ពាន់លាន (ប្រហែល ៣៦,៤៥ពាន់លានដុល្លារ) បាតគិតត្រឹមខែមករាឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Surapol Opasatien នាយកប្រតិបត្តិនៃការិយាល័យបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កម្ចីមិនដំណើរការ (NPLs) នៅក្នុងផ្នែកឥណទានគ្រួសារត្រូវបានរំពឹងថានឹងកើនឡើងម្តងទៀតនៅក្នុងត្រីមាសទីមួយឆ្នាំនេះ។
គិតត្រឹមដំណាច់ឆ្នាំ២០២២ NPL សរុបមានចំនួន ៩៨០ពាន់លានបាត កើនឡើងដល់ ១,០៥ពាន់ពាន់លានបាតនៅដំណាច់ឆ្នាំ២០២៣ និងដល់ ១,២២ពាន់ពាន់លានបាតនៅដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យពីការិយាល័យឥណទាន។
ដូចគ្នានេះដែរ ការរៀបចំបំណុលដែលមានបញ្ហាឡើងវិញ (TDR) ក៏បានកើនឡើងជាលំដាប់ ដោយកើនឡើងដល់ ១,០៧ពាន់ពាន់លានបាត (ប្រហែល ៣១,៧១ពាន់លានដុល្លារ) គិតត្រឹមខែមករា ឆ្នាំនេះ ដែលបន្តកើនឡើងពីត្រីមាសទី៤ ឆ្នាំ២០២២ ដែលមានចំនួន ៧៨០ពាន់លានបាត និង ១,០៤ពាន់ពាន់លានបាតនៅដំណច់ឆ្នាំ២០២៣ និង ១,០៦នៅដំណាច់ឆ្នាំ២០២៤។
លោក Surapol បាននិយាយថា៖ «TDR បានបន្តកើនឡើងដោយសារតែកម្មវិធីរៀបចំឥណទានឡើងវិញដែលត្រូវបានអនុវត្តដោយគ្រឹះស្ថានហិរញ្ញវត្ថុ»។ លោកបានបន្ថែមថា៖ «ចំនួននេះត្រូវបានរំពឹងថានឹងកើនឡើងថែមទៀតនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ស្របតាមគំនិតផ្តួចផ្តើមជួយសម្រួលបំណុល “អ្នកប្រយុទ្ធ យើងជួយ” នាពេលថ្មីៗនេះ»។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕