(ភ្នំពេញ)៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា នៅចុងខែមីនានេះ ឆ្នាំតម្លៃគ្រាប់ស្វាយចន្ទីស្រស់ បានងើបឡើងវិញដល់តម្លៃ ៥៦០០ក្នុងមួយគីឡូក្រាម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីបានធ្លាក់ចុះដល់ជាង ៤០០០ពាន់រៀល កាលពីដើមខែនេះ។
ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោក អួន ស៊ីឡុត បានឱ្យដឹងថា បន្ទាប់ពីតម្លៃគ្រាប់ស្វាយចន្ទីស្រស់ បានធ្លាក់ចុះពី ៦ពាន់រៀលមកត្រឹមរង្វង់ ៤៤០០រៀល ទៅ៤៨០០រៀល ក្នុងមួយគីឡូក្រាមកាលពីដើមខែមីនា (ចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី៦) មកទល់បច្ចុប្បន្ននេះ តម្លៃគ្រាប់ស្វាយចន្ទីហាក់មានស្ថេរភាពល្អ ដោយរក្សាបានតម្លៃជាមធ្យម ៥២០០រៀលក្នុងមួយគីឡូក្រាម ហើយនៅថ្ងៃទី២៣ មីនាម្សិលមិញនេះ បានងើបឡើងដល់ដល់ ៥៦០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃល្អមួយដែលកសិករទូទៅអាចទទួលយកបាន។
លោកបានពន្យល់ថា ការរក្សាបាននូវស្ថេរភាពល្អនៃតម្លៃគ្រាប់ស្វាយចន្ទីនេះ ដោយសារតែ គ្រាប់ស្វាយចន្ទីកម្ពុជានៅតែមានគុណភាពល្អ បើទោះបីជារងផលប៉ះពាល់ពីបញ្ហាអាកាស ដែលធ្វើឱ្យទិន្នផលធ្លាក់ចុះក៏ដោយ។ ស្របពេលជាមួយគ្នានេះ សមាគមស្វាយចន្ទីកម្ពុជា បានដាក់ចេញនូវវិធានការ៣ រួមមាន ការរៀបចំជំនួបធុរកិច្ចរវាងក្រុមហ៊ុនបញ្ជាទិញគ្រាប់ស្វាយចន្ទី ដើម្បីជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកបញ្ជាទិញគ្រាប់ស្វាយចន្ទី ពីកសិករនៅពេលមានការធ្លាក់ចុះខុសប្រក្រតី ។ ទី២.ជំរុញឱ្យសមាជិកសមាគម ដែលដឹកគ្រាប់ស្រស់ទៅលក់តាមព្រំដែន ត្រូវការផ្អាក ដឹកនាំទៅលក់នៅតាមព្រំដែនបណ្តោះអាសន្ន នៅពេលដែលគ្រាប់ស្វាយចន្ទីនៅតាមព្រំដែនធ្លាក់ថ្លៃខ្លាំង ដោយបង្វែមកហាលសម្ងួតវិញ ដើម្បីកុំឱ្យគ្រាប់ឆៅជុញ នៅតាមព្រំដែនខ្លាំងពេក និងទី៣ សមាគមបានលើកទឹកចិត្តឱ្យកសិករ ដែលមានធនធាន ហាលគ្រាប់ទុក សម្រាប់បញ្ចេញលក់នៅពេលក្រោយ ដើម្បីកុំឱ្យលក់គ្រាប់ស្រស់ប្រជែងជាមួយកសិករខ្នាតតូច។
លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ការឡើងថ្លៃឬតម្លៃមានស្ថេរភាពនេះ មិនមែនជារឿងចៃដន្យនោះទេ ពីព្រោះថាសមាគមស្វាយចន្ទីកម្ពុជា និងភាគីពាក់ព័ន្ធបានរៀបចំអ្នកទិញ។ ជារួមទៅយើងមានជំនួបធុរកិច្ចរវាងអ្នកលក់ និងអ្នកទិញពីចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ពីព្រោះយើងបានប្រមើលមើលឃើញថា ជាទូទៅឱ្យតែដល់រដូវយើងប្រមូលផលច្រើន ក្នុងខែមីនា តម្លៃចន្ទីតែងធ្លាក់ចុះ។ អ៊ីចឹងយើងបានបញ្ចុះបញ្ចូលក្រុមហ៊ុនក្នុងស្រុក ដែលជាដៃគូរបស់សមាគមស្វាយចន្ទីកម្ពុជា ជួយចុះទិញនៅពេលស្វាយចន្ទីធ្លាក់ថ្លៃ ហើយក្រុមហ៊ុនទាំងអស់នោះបានសន្យាជាមួយសមាគមស្វាយចន្ទីថា គាត់នឹងមិនឱ្យថ្លៃស្វាយចន្ទីធ្លាក់ក្រោម៤៥០០០រៀលនោះទេ ប្រសិនបើថ្លៃធ្លាក់ក្រោម៤៥០០រៀលពួកគាត់នឹងបញ្ចេញលុយសម្រាប់ទប់»។
លោក អួន ស៊ីឡុត បានលើកឡើងបន្ថែមថា ទន្ទឹមគ្នានេះ ក្រសួងកសិកកម្ម និងក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការជាច្រើន ក្នុងការជួយទប់តម្លៃឱ្យមានស្ថេរភាព ខណៈដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានជួយបញ្ចេញទុនកម្ចីដល់ ក្រុមហ៊ុន សហគ្រាសក្នុងស្រុក សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីស្តុកទុកផងដែរ។ កត្តាលីករទាំងនេះហើយដែលធ្វើឱ្យតម្លៃគ្រាប់ស្វាយចចន្ទីនៅរក្សាស្ថេរភាព។
ខណៈពេលដែលតម្លៃគ្រាប់ស្វាយចន្ទីមានស្ថេរភាពល្អ ប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះ បានព្យាករណ៍ថា ទិន្នផលស្វាយចន្ទី ឆ្នាំ២០២៥នេះ នឹងអាចធ្លាក់ចុះក្នុងរង្វង់ពី១០%ទៅ៣០% បើធៀបនឹងឆ្នាំ២០២៤ ដោយនឹងអាចទទួលទិន្នផលបានចន្លោះពី៦០ម៉ឺនតោនទៅ៨០ម៉ឺនតោនប៉ុណ្ណោះ ខណៈរយៈពេល៣ខែនៃការប្រមូលផលស្វាយចន្ទី ក្នុងដើមឆ្នាំ២០២៥នេះ ទិន្នផលស្វាយចន្ទីបានធ្លាក់ចុះប្រមាណ២៣%។ ការធ្លាក់ចុះទិន្នផលនៃ គឺបណ្តាលមកពីការអូសបន្លាយនៃអាកាសធាតុត្រជាក់ ដែលធ្វើឱ្យស្វាយចន្ទីគាំងក្តឹប ក្នុងអំឡុងពេលចន្ទីចេញផ្កានៅចន្លោះខែមករា ដល់ខែកុម្ភៈ និងបញ្ហាភ្លៀងកក់ខែនៅខែមីនា បានធ្វើឱ្យខូចផ្កា និងខូចក្តឹបច្រើន ព្រោះស្វាយចន្ទី គឺជាដំណាំដែលត្រូវការអាកាសធាតុក្តៅ ប្រសិនបើត្រូវភ្លៀងនឹងធ្វើឱ្យផ្កា និងក្ដឹបខូច ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់គុណភាពគ្រាប់ផងដែរ។
យោងតាមទិន្នន័យដែលកត់ត្រា ដោយសមាគមស្វាយចន្ទីកម្ពុជា ដែលបានកត់ត្រាទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។ ក្នុងនោះកម្ពុជាបានចេញគ្រាប់ឆៅ ចំនួន៨១ ៥០០០តោន កើនឡើង២១% ទទួលបានថវិកាចំនួន ១ ១៥០លានដុល្លារ កើនឡើង២៦.១៥%។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង៧៩ម៉ឺនតោន៕