(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងនាំចូលស៊ុតពីប្រទេសតួកគី និងកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយ សម្ពាធផ្គត់ផ្គង់ដោយសារជំងឺគ្រុនផ្តាសាយបក្សី ដែលបានជំរុញឱ្យតម្លៃកើនឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

អ្នកស្រី Brooke Rollins រដ្ឋមន្ត្រីក្រសួងកសិករម្មអាមេរិក ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា ការនាំចូលស៊ុតពីប្រទេសតួកកីនិងកូរ៉េខាងត្បូងបានចាប់ផ្តើមរួចហើយ ហើយសេតវិមានក៏កំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត អំពីការនាំចូលស៊ុតរបស់ពួកគេជាបណ្តោះអាសន្នផងដែរ។ អ្នកស្រីបានបន្ថែមថា៖ «យើងកំពុងនិយាយអំពី [ការនាំចូល] ស៊ុតរាប់រយលានសម្រាប់រយៈពេលខ្លី»

តម្លៃស៊ុតបានកើនឡើងយ៉ាងខ្លាំង ដោយសារតែការផ្ទុះជំងឺផ្តាសាយបក្សីជាច្រើន នៅក្នុងសហរដ្ឋអាមេរិក ដែលបង្ខំឱ្យកសិករសម្លាប់សត្វស្លាប យ៉ាងហោចណាស់ ៣០លានក្បាល និងមានការរឹតបន្តឹងយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់។

តម្លៃស៊ុតបានក្លាយជាចំណុចផ្តោតមួយ សម្រាប់លោក ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ខណៈដែលលោកបានព្យាយាមកេងយកចំណេញ ពីក្តីបារម្ភរបស់អ្នកបោះឆ្នោតអំពីការកើនឡើងការចំណាយសំខាន់ៗ ក្នុងជីវិតប្រចាំថ្ងៃដែលកើតមានឡើងក្នុងអំឡុងអណត្តិលោក Joe Biden។

បន្ទាប់ពីត្រឡប់ចូលកាន់តំណែងក្នុងខែមករា លោក ត្រាំ បានប្រគល់ភារកិច្ចឱ្យអ្នកស្រី Rollins ធ្វើការងារជំរុញការផ្គត់ផ្គង់ស៊ុត និងធ្វើឱ្យតម្លៃធ្លាក់ចុះវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕