(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់អនុវត្តសាកល្បង ប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងគោលបំណងពង្រឹងអនុលោមភាព និងប្រសិទ្ធភាពនៃគ្រប់គ្រងការដឹកជញ្ជូន ទំនិញឆ្លងកាត់ឱ្យកាន់តែប្រសើរបន្ថែមទៀត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងដាក់អនុវត្តសាកល្បង (Dry/Trial Run) ប្រព័ន្ធតាមដាន ការដឹកជញ្ជូនទំនិញ ដោយប្រើសៀលអេឡិចត្រូនិក អមជាមួយសៀល ដែលកំពុងប្រើប្រាស់ជាធរមាន លើការដឹកជញ្ជូនទំនិញឆ្លងកាត់ ដើម្បីប្រមូលធាតុចូល ជាមូលដ្ឋានក្នុងការត្រៀមដាក់ឱ្យអនុវត្តជាផ្លូវការ តាមតម្រាយផ្លូវនៃអង្គភាពគយ និងរដ្ឋាករដូចខាងក្រោម៖
* សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
* សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ
* ការិយាល័យគយ និងរដ្ឋាករបាវិត
* ការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត
* ការិយាល័យគយ និងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី
* ការិយាល័យគយ និងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
* ការិយាល័យគយ និងរដ្ឋាករផែស្ងួត ហុង ឡេងហួរ
* ការិយាល័យគយ និងរដ្ឋាករផែស្ងួត តិច ស៊ុ្រន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អំពាវនាវដល់មសាធារណជន និងធុរជនពាក់ព័ន្ធទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការ អនុវត្តឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ៕