(រតនគិរី)៖ គ្រាប់ស្វាយចន្ទីឆ្នាំ២០២៥ មានតម្លៃសមរម្យតែការហុចផលតិចជាងឆ្នាំកន្លងទៅ ដោយសារមកអាកាសធាតុប្រែប្រួល។ នេះបើតាមការលើកឡើងពីលោកស្រី រម៉ាម ខ្វែង ជនជាតិទំពូន ម្ចាស់ចំការស្វាយចន្ទី ស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
លោកស្រី រម៉ាម ខ្វែង បានអះអាងថា គាត់មានចំការស្វាយចន្ទីប្រមាណ៥ហិកតា ហើយឆ្នាំមុនបានចេញផ្កាក្នុងខែធ្នូ ទទួលផលក្នុងខែកុម្ភៈឆ្នាំ២០២៥ ប៉ុន្តែឆ្នាំនេះ (២០២៥)គ្រាប់ស្វាយចន្ទី ដែលគ្រួសារគាត់កំពុងរើសបានផលតិចណាស់ ដោយសាររដូវផ្កាវាក្រៀម។
ម្ចាស់ចំការស្វាយចន្ទីខាងលើ បញ្ជាក់ទៀតថា គ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃសមរម្យ ពោលបើមានគ្រាប់ចន្ទីលក់ពេលនេះចាប់ពីជាង៥ពាន់រៀល រហូតដល់៦ពាន់រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅលើប្រភេទ និងគុណភាពគ្រាប់ស្វាយចន្ទី។
ចំណែក លោកស្រី ផាន សុខជា ជាឈ្មួញកណ្តាលប្រមូលទិញគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តរតនគិរី បានលើកឡើងថា តម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះល្អគួរសម ដែលធ្វើឲ្យកសិករពេញចិត្តជាខ្លាំង គឺតម្លៃក្នុង១គីឡូក្រាម ចាប់ពី៥,២០០រៀលរហូតដល់ជិត៦,០០០ពាន់រៀលទៅតាមប្រភេទ និងពូជ។ អ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី បន្ថែមថា កាលពីឆ្នាំ២០២៤ គាត់ប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករ ក្នុងសហគមន៍ជាមធ្យមតម្លៃ៤ពាន់រៀល ក្នុងមួយគីឡូក្រាម តម្លៃនេះអាចឡើងចុះបន្តិចអាស្រ័យលើគុណភាព និងបរិមាណដែលពួកគាត់ប្រមូលបានគឺចន្លោះពី៥ ទៅ១០តោន។
ក្រុមឈ្មួញទិញគ្រាប់ស្វាយចន្ទីដដែល បានបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៥ហាងឆេងគ្រាប់ស្វាយចន្ទី ល្អតាំងពីដើមដៃមកម្លេះគឺ៥,៧០០រៀល ទៅ៦,២០០រៀល ក្នុងនោះគ្រាប់ស្វាយចន្ទីប្រមូលផលពីដីសរថ្លៃជាង គ្រាប់ស្វាយចន្ទីប្រមូលផលលើដីក្រហម ដោយសារគ្រាប់ស្វាយចន្ទីដាំនៅលើដីក្រហម គឺមិនសូវមានសាច់,គ្រាប់ស្វិតតែប្រមូលទិញ បានតិចជាងឆ្នាំមុន។
លោក សែម រឿន ប្រធានការិយាល័យក្សេតសាស្ត្រ ផលិតភាព នៃមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ថា ផ្ទៃដីដាំដុះស្វាយចន្ទី ក្នុងខេត្តមានចំនួន១០១,២០១ហិកតា, ផ្ទៃដីប្រមូលផល៩៨,៤៣៦ហិកតា។ តម្លៃចន្ទីនៅថ្ងៃនេះ គឺគ្រាប់ស្វាយចន្ទីពូជ៥,៥០០រៀល ក្នុង១គីឡូក្រាម, គ្រាប់ស្វាយចន្ទីធម្មតា៥,២០០រៀល ក្នុង១គីឡូក្រាម, ទីផ្សារក្រុមឈ្មួញប្រមូលទិញរាល់ថ្ងៃដឹកទីលក់នៅប្រទេសវៀតណាមភាគច្រើន តាមច្រកស្នួលខេត្តក្រចេះ៕