(គូឡាឡាំពួរ)៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ហានិភ័យចំពោះកំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងខ្លាំងចំពោះគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដោយសារជម្លោះពាណិជ្ជកម្មសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយគំរាមកំហែងដល់ការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារ Negara Malaysia ដែលជាធនាគារកណ្តាលម៉ាឡេស៊ីខណៈថ្លែងថា លោករំពឹងថានឹងមានបរិយាកាសខាងក្រៅដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅឆ្នាំ២០២៥ ទោះបីជាលោកបានបញ្ជាក់សារជាថ្មីពីការព្យាករកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់រដ្ឋាភិបាលថានឹងមានចន្លោះពី ៤,៥% ទៅ ៥,៥% ក៏ដោយ។ ការព្យាកររបស់គាត់កំពុងពឹងផ្អែកលើប្រភពកំណើនក្នុងស្រុក និងរចនាសម្ព័ន្ធនាំចេញចម្រុះ ដើម្បីជួយសេដ្ឋកិច្ចទប់ទល់នឹងបញ្ហាប្រឈមនានា បន្ទាប់ពីសម្រេចបានកំណើនសេដ្ឋកិច្ច ៥,១% កាលពីឆ្នាំមុន។
នៅក្នុងសុន្ទរកថាថ្លែងក្នុងកម្មវិធីត្រួតពិនិត្យសេដ្ឋកិច្ច និងរូបិយវត្ថុប្រចាំឆ្នាំរបស់ធនាគារដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោកទេសាភិបាលបានមានប្រសាសន៍ថា៖ «ខណៈពេលដែលយើងទទួលបានអត្ថប្រយោជន៍ពីសន្ទុះវិជ្ជមាននៃឆ្នាំ២០២៤ វាច្បាស់ណាស់ថាមានឧបសគ្គធំៗនៅខាងមុខ»។ លោកបានបន្ថែមថា៖ «បរិយាកាសខាងក្រៅមានភាពរលូន និងមិនអាចទាយទុកជាមុនបាន ហើយយើងមិនអាចពឹងផ្អែកលើលទ្ធផលរបស់យើងដែលសម្រេចបានក្នុងមកទេ»។
ម៉ាឡេស៊ីដែលជាប្រទេសនាំចេញបច្ចេកវិទ្យា និងទំនិញដ៏ធំមួយ កំពុងពន្យាគេចចេញពីជម្លោះនៃសង្រ្គាមពាណិជ្ជកម្មពិភពលោក ឬការទទួលរងឥទ្ធិពលដោយប្រយោលពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។ ការនាំចេញទៅប្រទេសចិនបានធ្លាក់ចុះ ៨,១% ក្នុងខែកុម្ភៈឆ្នាំនេះធៀបនឹងឆ្នាំ២០២៤។
លោក Lavanya Venkateswaran សេដ្ឋវិទូប្រចាំក្រុមហ៊ុន Oversea-Chinese Banking Corp បាន Bloomberg ថា៖ «ការលើកឡើងនេះគឺជាការទទួលស្គាល់ពីភាពមិនប្រាកដប្រជាជាសកល និងហានិភ័យធ្លាក់ចុះចំពោះកំណើនសេដ្ឋកិច្ច»។ លោកបានថ្លែងទៀតថា៖ «វាហាក់បីដូចជាថា ធនាគារកណ្តាលម៉ាឡេស៊ីកំពុងផ្តល់អាទិភាពលើហានិភ័យកំណើនជាងហានិភ័យអតិផរណា»៕