(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានថ្លែងឲ្យដឹងថា ចំពោះបទល្មើស តាមប្រព័ន្ធអនឡាញ មិនមែនកើតឡើងតែចំពោះប្រទេសកម្ពុជានោះទេ បញ្ហានេះគឺកើតមានទូទាំសកលលោក។ ជាក់ស្ដែងតាមបណ្ដាប្រទេសជិតខាងកម្ពុជា បទល្មើសតាមប្រព័ន្ធអនឡាញនេះ មានច្រើនជាងកម្ពុជាផង។

ការលើកឡើងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងកម្មវិធី កិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីការវិនិយោគ នៃការឆបោកតាមអនឡាញ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ូ សុជាតិ បានថ្លែងឲ្យដឹងថា ចំពោះបទល្មើសអនឡាញមិនមែនតែជាបញ្ហា ឬកើតមានឡើងនៅម្ពុជានោះទេ ប៉ុន្ដែបញ្ហានេះបានកើតឡើងជាសកលលោក ប្រទេសជិតខាងបើគិតជាភាគរយ នៃបទល្មើសអាចកើតមានឡើងច្រើនជាងកម្ពុជាផង ក្នុងនោះមានប្រទេសម៉ាឡេស៊ី សឹង្ហបុរី ថៃ វៀតណាម និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ដូច្នេះបទល្មើសអនឡាញនេះ មិនមែនកើតឡើងតែចំពោះប្រទេសកម្ពុជាមួយនោះទេ។

លោកបានបន្ដថា បើសួរត្រឡប់មកវិញថា ហេតុអ្វីបានជាមានបញ្ហានៃការកើតឡើង នៃបទល្មើសអនឡាញនេះ ដោយសារតែការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ចុះបើសួរថាពីមុនមានការកើនឡើងទេនៃបទល្មើសនេះ គឺមានដូចគ្នាប៉ុន្ដែមានក្នុងកម្រិតមួយទាបព្រោះថា ពីមុនមនុស្សភាគច្រើនជួបប្រស្រ័យទាក់ទងគ្នា ប៉ុន្ដែពេលនេះគឺការទំនាក់ទំនងគ្នា មានតែលើប្រព័ន្ធអនឡាញប៉ុណ្ណោះ ពុំសូវបានជួប ឬប្រស្រ័យទាក់ទងគ្នាដោយផ្ទាល់នោះទេ។

លោកបានបញ្ជាក់ថា «ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ បទល្មើសតាមប្រព័ន្ធអនឡាញនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ជាមួយ​នឹងបទល្មើសតាមប្រព័ន្ធអនឡាញ ដោយដឹកនាំផ្ទាល់ដោយសម្ដេច ដោយបានប្រយុទ្ធប្រឆាំងលើបញ្ហាទាំងនេះ នឹងបន្ដធ្វើជាបន្ដបន្ទាប់»។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា យើងនឹងបន្ដធ្វើបន្ថែមទៀត ដោយធ្វើការផ្សព្វផ្សាយឲ្យបានច្រើន ពន្យល់ដល់ប្រជាពលរដ្ឋឲ្យបានច្រើន ដូច្នេះនៅពេលអ្នកវិនិយោគ ឬប្រជាពលរដ្ឋបានយល់ច្បាស់អំពីបញ្ហាទាំងនេះ នោះពួកគាត់នឹងមានការប្រុងប្រយ័ត្នដោយខ្លួនឯង។ ជាក់ស្ដែងសម្រាប់បណ្ដាប្រទេសជិតខាង គឺគេប្រើប្រាស់នូវយុទ្ធនាការ ការផ្សព្វផ្សាយបណ្ដុះបណ្ដាលជាច្រើននានា ដូច្នេះទោះបីជាបទល្មើសនៃ ប្រព័ន្ធអនឡាញនេះមានច្រើន ប៉ុន្ដែអ្នកដែលធ្លាក់ក្នុងអន្ទាក់នៃបទល្មើសអនឡាញនេះ គឺមានការកាត់បន្ថយតាមរយៈការទទួលបាននូវព័ត៌មាន និងការបណ្ដុះបណ្ដាល៕

សូមស្តាប់ការលើកឡើងរបស់លោក ស៊ូ សុជាតិ៖