(បាងកក)៖ ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់សម្រាប់វគ្គជួញដូរពេលរសៀលកាលពីថ្ងៃសុក្របន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសជិតខាង និងបានបង្កផលប៉ះពាល់ដល់រាជធានីបាងកករបស់ប្រទេសថៃផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័ររបស់ប្រតិបត្តិករផ្សារហ៊ុនថៃ ខណៈដែលសរសេរថា៖ «បន្ទាប់ពីឧប្បត្តិហេតុរញ្ជួយដី ផ្សារហ៊ុនថៃសូមប្រកាសពីការផ្អាកជាបន្ទាន់នូវសកម្មភាពជួញដូរទាំងអស់»

សេចក្តីប្រកាសនេះបានបន្ថែមថា៖ «ការបិទនេះធ្វើឡើងចំពោះទីផ្សារទាំងអស់ រួមទាំងទីផ្សារ SET ទីផ្សារសម្រាប់ការវិនិយោគជំនួស (MAI) និងផ្សារ Thailand Futures Exchange (TFEX) សម្រាប់វគ្គជួញដូរនាពេលរសៀលថ្ងៃនេះ (ថ្ងៃសុក្រ)»

សន្ទស្សន៍ផ្សារហ៊ុន SET ដែលជាផ្សារហ៊ុនគោលរបស់ប្រទេសថៃត្រូវបានជួញដូរចុងក្រោយដោយធ្លាក់ចុះ ១,០៥ភាគរយមកនៅត្រឹមកម្រិតទាបក្នុងរយៈពេលមួយសប្តាហ៍គឺ ១ ១៧៥,៤៥ពិន្ទុ។ ផ្សារហ៊ុននេះបានជួញដូរក្នុងកម្រិតប្រហាក់ប្រហែលនេះភាគច្រើននៃវគ្គជួញដូរដោយសារភាគហ៊ុននៅតែរងសម្ពាធពីវិធានការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕