(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា អគ្គនាយកនិយ័តករមូលបត្រកម្ពុជា លើកទឹកចិត្តដល់អ្នកដែលចង់វិបិយោគ គួរទាក់ទងទៅផ្ទាល់ស្ថាប័ន ដែលខ្លួនចង់វិនិយោគ ជាជាងការដាក់លុយវិនិយោគតាមគ្រុប ដែលគ្មាន​ប្រភពច្បាស់លាស់ ដែលមានហានិភ័យខ្ពស់ងាយរងនូវការបោកប្រាស់។

ការលើកឡើងរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងកម្មវិធីកិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីការវិនិយោគ នៃការឆបោកតាមអនឡាញ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ូ សុជាតិ បានថ្លែងឲ្យដឹងថា ប្រសិនជាស្ថាប័នមួយអំពាវដល់គេវិនិយោគ ក្នុងផលិតផលអ្វីមួយ សូមធ្វើដោយផ្ទាល់ ជៀសវាងប្រើប្រាស់អត្តសញ្ញាណបុគ្គលទី៣ ដើម្បីបង្កើតជាក្រុម ឬគ្រុប ហើយបើក្នុងករណីយើងទទួលបាន ការគៀងគរការវិនិយោគក្នុងគ្រុបណាមួយ យើងគួរគប្បីចាកចេញពីគ្រុបទាំងនេះ ប្រសិនបើយើងពិតជាចាប់អារម្មណ៍ ឬជឿជាក់លើស្ថាប័ននោះ សូមលើកទឹកចិត្តឲ្យទាក់ទងដោយផ្ទាល់ ទៅដល់ស្ថាប័ននោះជាមុនសិន ចៀសវាងការឈរបោក ឬចាញ់បោកណាមួយ។

លោកបានបន្ដថា អ្វីដែលអគ្គនាយកនិយ័តករមូលបត្រកម្ពុជា ផ្សព្វផ្សាយតាម Facbook Page ផ្លូវការរបស់ខ្លួន ឬគ្រុបរបស់ខ្លួនណាមួយ គឺតែងតែបញ្ជាក់យ៉ាងច្បាស់អំពីលេខទូរស័ព្ទ ឬគ្រុបផ្លូវការណាមួយ និងស្នើដល់បងប្អូនពិនិត្យគ្រុប ពិនិត្យលេខទូរស័ព្ទជាមុនសិន។ កន្លងមកពេលមានស្ថាប័នណាមួយ ទំនាក់ទំនងទៅអ្នកវិនិយោគិន អំពីការវិនិយោគអ្វីមួយ ពួកគាត់តែងតែទំនាក់ទំនងមកកាន់ និយ័តករមូលបត្រកម្ពុជា ដើម្បីសួរនាំបញ្ជាក់អំពីបញ្ហាទាំងនេះជាមុនសិន។

លោកបានបញ្ជាក់ថា «ចំពោះអ្នកមានអាជ្ញាប័ណ្ណ នៅពេលទទួលបានដំណឹងណាមួយថា មានការលួចយកអាជ្ញាបណ្ណ ទៅធ្វើការក្លែងបន្លំ ដើម្បីទាក់ទាញការវិនិយោគ ឬការបង្កើតគ្រុបណាមួយទាក់ទាញការវិនិយោគ សូមក្រុមហ៊ុនត្រូវរាយការណ៍មកកាន់ និយ័តករមូលបត្រកម្ពុជា ដើម្បីធ្វើការស៊ើបអង្កេត»

សូមស្តាប់ការលើកឡើងរបស់លោក ស៊ូ សុជាតិ៖