(ភ្នំពេញ)៖ លោក  ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាគឺជាកាំបិទមុខពីរ ក្នុងនោះវាបានផ្តល់ប្រយោជន៍ច្រើន ក្នុងការប្រើប្រាស់ ប៉ុន្តែវាក៏ផ្តល់ហានិភ័យដែរ ប្រសិនបើអ្នកប្រើប្រាស់មិនដឹងពីវិធីនៃការការពារ។ ដូច្នេះហើយលោកបានប្រាប់នូវវិធីងាយៗមួយចំនួន ដើម្បីជាអាវក្រោះការពារខ្លួន ពីការឆបោកតាមអនឡាញ ឬការហេគគណនីជាដើម។

វិធីងាយៗទាំងនោះមានដូចជា ព្យាយាមកុំចុចទៅលើតំណរភ្ជាប់ ឬ link ដែលគេផ្ញើមក ព្រោះបើចុចលើ link ទាំងនោះ ប្រៀបដូចជាយើងអនុញ្ញាតឱ្យគេចូលទៅរកអ្វីមួយ។ ជាមួយគ្នានេះកុំផ្សព្វផ្សាយនូវអត្តសញ្ញាណរបស់ខ្លួន នៅលើទំព័រដែលយើងមិនស្គាល់ និងកុំដាក់លេខ Credit card ឬលេខគណនីឱ្យគេស្គាល់តាមអនឡាញ។
លើសពីនេះអ្នកប្រើប្រាស់ ក៏ត្រូវធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងរៀនសូត្រផ្ទាល់ខ្លួន ទៅលើព័ត៌មានពាក់ព័ន្ធផ្សេងៗនោះនឹងអាចការពារបន្ថែមបាន។

លោកបានកត់សម្គាល់ថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើមក៏បានរៀបចំយន្តការផ្សព្វផ្សាយ ចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាដល់ប្រជាពលរដ្ឋផងដែរ។

ការលើ់កឡើងរបស់ ស៊ូ សុជាតិ ធ្វើឡើងនៅក្នុងវិធី FRESH BUSINESS របស់បណ្តាញព័ត៌មាន Fresh News។ សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ស៊ូ សុជាតិ៖