(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor បានឱ្យដឹងនៅថ្ងៃសុក្រថា ផលិតកម្មសកលរបស់ខ្លួនបានកើនឡើងជាលើកទីពីរក្នុងខែកុម្ភៈ ដែលជំរុញដោយទិន្នផលខ្ពស់ និងការលក់កាន់តែខ្លាំងនៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទិន្នផលរថយន្តសកលរបស់ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ពិភពលោកនេះបានកើនឡើង ៦ភាគរយដល់ ៧៧៩ ៧៩០គ្រឿងនៅខែកុម្ភៈឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយផលិតកម្មក្នុងស្រុកកើនឡើង ១៦ភាគរយ ហើយនៅក្នុងប្រទេសផ្សេងទៀតកើនឡើងតិចជាង ១ភាគរយ។

ផលិតកម្មរបស់ក្រុមហ៊ុន Toyota នៅអាមេរិកខាងជើងបានធ្លាក់ចុះ ១ភាគរយ ខណៈដែលការនាំចេញរថយន្តពីប្រទេសជប៉ុនទៅកាន់ទីផ្សារធំបំផុតរបស់ខ្លួនគឺសហរដ្ឋអាមេរិកក៏បានធ្លាក់ចុះ ១ភាគរយផងដែរ។

ប្រាក់ចំណូលនៅទូទាំងពិភពលោករបស់ក្រុមហ៊ុនបានកើនឡើង ៦ភាគរយនៅក្នុងខែកុម្ភៈ ដែលគាំទ្រដោយការកើនឡើង ២៨ភាគរយនៃការលក់ក្នុងស្រុក និងការកើនឡើង ២ភាគរយនៃការលក់នៅក្រៅប្រទេស។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធពីការវិធានការដំឡើងពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្តធុនតូច និងរថយន្តដឹកធុនស្រាលដែលនឹងចូលជាធរមាននៅថ្ងៃទី៣ ខែមេសា។

គោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ បានបង្កឱ្យមានភាពមិនប្រាកដប្រជាជាសកល ដោយវិនិយោគិនមានការព្រួយបារម្ភអំពីការអាក់ខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ការកាត់បន្ថយការវិនិយោគ និងការគំរាមកំហែងនៃអតិផរណាដែលកំពុងបង្កគ្រោះថ្នាក់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។

នៅអាមេរិកខាងជើង ការលក់របស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ ៧ភាគរយទោះបីជាក្រុមហ៊ុនបានសន្មតថាការធ្លាក់ចុះការលក់នេះកើតមានឡើងដោយសារចំនួនថ្ងៃប្រតិបត្តិការមានតិចជាងមុន និងកង្វះស្តុករថយន្តកូនកាត់ និងរថយន្តផ្សេងទៀត ខណៈពេលដែលកត់សម្គាល់ថា តម្រូវការរថយន្តរបស់ខ្លួននៅតែខ្លាំង។

តួលេខផលិតកម្មនិងការលក់របស់ក្រុមហ៊ុន Toyota ដែលបានរាយការណ៍នេះ រួមបញ្ចូលទាំងរថយន្តម៉ាក Lexus ប្រណីតរបស់ក្រុមហ៊ុននេះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕