(ព្រុចសែល)៖ ប្រធានសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានឱ្យដឹងថា ពន្ធគយលើរថយន្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើការនាំចូលរថយន្តនឹងជាបញ្ហាធំមួយចំពោះប្រាក់ចំណូលនៅទូទាំងឧស្សាហកម្មរថយន្ត ហើយទំនងជាបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តចាត់វិធានការខ្លាំងក្លា។

អ្នកស្រី Sigrid de Vries ប្រធានសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានប្រាប់ទូរទស្សន៍ Bloomberg កាលពីថ្ងៃសុក្រថា ពន្ធគយបន្ថែម ២៥% ដែលនឹងចូលជាធរមាននៅថ្ងៃទី៣ ខែមេសា នឹងតំណាងឱ្យ «ទឹកប្រាក់ដ៏ច្រើន» ។ អ្នកស្រីបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនផលិតរថយន្តនឹងចាត់វិធានការដើម្បីគ្រប់គ្រងការខូចខាត ដើម្បីកាត់បន្ថយហានិភ័យរបស់ពួកគេ។ ពួកគេនឹងធ្វើការសម្រេចចិត្តលើផលប័ត្រវិនិយោគជាយុទ្ធសាស្រ្តផ្ទាល់ខ្លួន»។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News បានឱ្យដឹងថា ក្រុមហ៊ុនរថយន្ត Porsche AG និងក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz Group AG នឹងរងផលប៉ះពាល់ខ្លាំងបំផុតពីវិធានការពន្ធគយចុងក្រោយបំផុតរបស់លោក ត្រាំ ដែលប្រឈមមុខនឹងផលប៉ះពាល់ដែលអាចកើតមានប្រមាណ ៣,៤ពាន់លានអឺរ៉ូ (៣,៧ពាន់លានដុល្លារ) ពីពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកលើរថយន្តនាំចូល។ ក្រុមហ៊ុន Ferrari NV ដែលផលិតរថយន្តទាំងអស់របស់ខ្លួននៅក្នុងប្រទេសអ៊ីតាលី គ្រោងនឹងដំឡើងតម្លៃរថយន្តមួយចំនួនរហូតដល់ ១០% នៅសហរដ្ឋអាមេរិកស្របពេលដែលនឹងស្រូបយកការចំណាយលើពន្ធគយសម្រាប់ម៉ូដែលផ្សេងទៀត។ ក្រុមហ៊ុនផលិត Alfa Romeo និងក្រុមហ៊ុន Maserati Stellantis NV បានព្រមានថា ការយកពន្ធគយនេះអាចប៉ះពាល់ដល់កម្រិតទិន្នផលរថយន្តរបស់ប្រទេសអ៊ីតាលី។

យោងតាមសមានគម ACEA បានឱ្យដឹងថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំទីពីរសម្រាប់ការនាំចេញរថយន្តរបស់អឺរ៉ុបបន្ទាប់ពីចក្រភពអង់គ្លេស ដោយរថយន្តថ្មីជិត ៧៥ម៉ឺនគ្រឿងដែលផលិតនៅក្នុងសហភាពអឺរ៉ុបត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុនក្នុងតម្លៃ ៣៨,៥ពាន់លានអឺរ៉ូ។ អ្នកស្រី de Vries បាននិយាយថា ពន្ធគយបន្ថែមរបស់លោក ត្រាំ ក៏នឹងបង្កឱ្យមានអតិផរណាផងដែរ ហើយអាចមានន័យថា ក្រុមហ៊ុនផលិតរថយន្តនឹងលែងនាំចូលម៉ូដែលមួយចំនួនទៅកាន់សហរដ្ឋអាមេរិកទៀតហើយ។

អ្នកស្រីបានបន្ថែមថា៖ «ទ្វារសម្រាប់ការសន្ទនាបន្ថែមទៀតដើម្បីចរចាស្វែងរកដំណោះស្រាយ គួរតែនៅតែបើកចំហដោយសារតែសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើងនេះមិនផ្តល់ផលប្រយោជន៍ដល់អ្នកណាម្នាក់ទេ»៕