(ភ្នំពេញ)៖ ក្នុងការធ្វើអាជីវកម្ម ដែលស្របច្បាប់ ពិសេសអ្នកជាប់ពន្ធធំ ម្ចាស់អាជីវកម្មនឹងត្រូវរ៉ាប់រង លើការបង់មួយចំនួន ដូចជាពន្ធលើប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែម ពន្ធកាត់ទុក ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ រួមនឹងពន្ធផ្សេងៗទៀត។

យ៉ាងនេះ ក្តីម្ចាស់អាជីវកម្ម នៅតែបញ្ហាប្រឈមចំពោះការរៀបចំបញ្ជីពន្ធនិងការបង់ពន្ធមិនត្រឹមត្រូវ ដែលនាំឱ្យមានបញ្ហានៅពេលអគ្គនាយកដ្ឋានពន្ធធ្វើសវនកម្ម ហើយអាចនឹងឈានដល់ការរងការផាកពិន័យ និងជាប់ទោសទណ្ឌជាដើម។

ក្នុងចំណោមពន្ធទាំងនោះ ការបង់ពន្ធលើប្រាក់បៀវត្ស កន្លងមក ក៏មាននិយោជកមួយចំនួនចំនួនតែងតែមានការយល់ច្រលំ ទៅលើមូលដ្ឋាននៃការគិតពន្ធ ដែលនាំឱ្យមានបញ្ហានៅមានដែលពន្ធដារធ្វើសវនកម្មផងដែរ។ តាមរយៈអត្ថបទ «យល់ពីដឹងជំនួញ» នៅថ្ងៃនេះ លោកអ្នកនឹងឈ្វេងយល់បន្ថែម ពីពន្ធប្រាក់បៀវត្ស។

បើមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ថា ពន្ធលើប្រាក់បៀរវត្ស គឺជាពន្ធដែលមានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គល និវាសនជន នៅកម្ពុជា ចំពោះប្រាក់បៀវត្សប្រភពកម្ពុជា និងប្រាក់បៀវត្សបានមកពីបរទេស ។ ដោយឡែករូបវន្តបុគ្គល អនិវាសនជន ជាប់ពន្ធតែប្រភពកម្ពុជាប៉ុណ្ណោះ ។

មូលដ្ឋាននៃការគិតពន្ធលើប្រាក់បៀវត្សសំដៅដល់៧ចំណុច រួមមាន៖ បៀវត្ស ប្រាក់បំណាច់មុខងារ លាភការ បុព្វលាព ប្រាក់បន្ថែមម៉ាង និងអត្ថប្រយោជន៍ដែលបានទូទាត់ និងប្រាក់ប៉ះប៉ូវនានា។ ដោយឡែក ប្រសិនបើទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្រៅពី៧ចំណុចនេះ ត្រូវជាប់ពន្ធបៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម។

លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់បន្ថែមថា រូបវ័ន្តបុគ្គលជានិយោជិត ដែលត្រូវបានចាត់ទុកថា ជាប់ពន្ធប្រាក់បៀវត្ស ក្នុងករណីដែលបានបំពេញការងារ ហើយគោរពតាមលក្ខខណ្ឌ២ក្នុងចំណោម៤នេះ រួមមាន ១.គ្មានហានិភ័យនៃការមិនទទួលបានការទូទាត់ចំពោះសកម្មភាពបម្រើការងាររបស់ខ្លួន ២. រូបវន្តបុគ្គលមិនអាចកំណត់ពេលវេលា ទីកន្លែងបម្រើការងារដោយខ្លួនឯង ៣. រូបវ័ន្តបុគ្គលមិនចាំបាច់ចំណាយដើមទុនត្រូវទិញឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារ និង៤. រូបវ័ន្តបុគ្គល មិនមានសកម្មភាពបម្រើឱ្យបុគ្គលច្រើននាក់ក្នុងពេលតែមួយ៕

សូមស្តាប់ការពន្យល់លម្អិត របស់លោក ឆាយ ជាហេង៖