(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (DC) បានគូសបញ្ជាក់ថា នៅរយៈពេល៣ខែឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន១៧២គម្រោង ក្នុងនោះក្រុមហ៊ុនវិនិយោគរបស់ចិន បានឈរនៅលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ ដែលមានចំណែករហូតដល់ជិត៨០%។
លោក ជា វុទ្ធី គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេស របស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
លោក ជា វុទ្ធី គូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល៣ខែឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគប្រមាណ ១៧២គម្រោង ដែលមានចំនួនលើសចំនួនគម្រោងវិនិយោគនៅឆ្នាំ ២០២១ទាំងមូល ដែលមានត្រឹមតែ ១៦៩គម្រោងប៉ុណ្ណោះ។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះ ក្នុងរយៈពេល៣ខែនេះ ចំនួនក្រុមហ៊ុនវិនិយោគដែលមកពីប្រទេសចិន មានអត្រាប្រមាណជិត៨០%»។
លោកលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយពីបទពិសោធន៍ល្អៗ និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគមកកាន់តែច្រើនបន្ថែមទៀត ជាពិសេសក្រុមហ៊ុនចិន ខណៈក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនវិនិយោគិនរបស់ចិន ដែលបានមកបោះទុនវិនិយោគនៅកម្ពុជា បានឈរនៅលំដាប់លេខ១ និងលេខ២ស្ទើតែជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ទុនវិនិយោគសរុបទាំងអស់ដែលមកពីប្រទេសចិន មានប្រមាណជា៥០% នៃគម្រោងដែលបានអនុម័ត។
ជាមួយគ្នានេះ លោកបានចូលរួមអបអរសាទរ និងថ្លែងអំណរគុណដល់ ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន ដែលបានជ្រើសរើសបណ្តាក់ទុនវិនិយោគ ក្នុងការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យ ឧបករណ៍ពិសេសនៅកម្ពុជា ដើម្បីផ្តល់សេវាត្រួតពិនិត្យឧបករណ៍ផ្សេងៗដូចជា ឡចំហាយ ធុងសម្ពាធ ជណ្តើរយន្ត គ្រឿងចក្រលើស្ទួចទម្ងន់ យានយន្តលើកស្ទូចទំនិញក្នុងរោងចក្រ រ៉ត់ជិះលេងកម្សាន្ត និងកន្រ្ទកខ្សែកាប ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់ទាំង ស្របតាមស្តង់ដាអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់។ ការបង្កើតមជ្ឈមណ្ឌលនេះ គឺជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសុវត្ថិភាព និងអាយុជីវិតរបស់ បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ឧបករណ៍ពិសេសទាំងនេះជាប្រចាំ។
ទន្ទឹមគ្នានេះ លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគ បន្ថែមលើការនាំយកនូវបច្ចេកវិទ្យាចុងក្រោយមកកាន់កម្ពុជា ,បណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញបច្ចេកទេស ដល់និយោជិតខ្មែរ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជាផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងផ្តល់សេវា និងការគាំទ្រគ្រប់បែបយ៉ាង ដើម្បីធានាថាក្រុមហ៊ុនដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា អាចរីកលូតលាស់ជាបន្តបន្ទាប់។
លោក សាត សាមី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉ានជីវ យ័ន ក្នុងរយៈពេល១០ឆ្នាំនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការវិនិយោគិននៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា និងបច្ចេកទេសផ្សេងៗនៅកម្ពុជា។
លោកបានជំរុញឱ្យក្រុមហ៊ុននេះ បន្តសហការក៏ដូចជារៀបចំ បែបបទនិតិវិធី ក្នុងការបណ្តាក់ទុនវិនិយោគបន្ថែមទៀត៕