(ហាណូយ)៖ ប្រទេសវៀតណាមបានឱ្យដឹងថា ខ្លួនបានកាត់បន្ថយពន្ធនាំចូលលើទំនិញជាច្រើនប្រភេទ រួមទាំងរថយន្ត ឧស្ម័នធម្មជាតិរាវ និងផលិតផលកសិកម្មមួយចំនួន មុនពេលមានការដាក់ចេញផែនការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើ “ប្រទេសទាំងអស់”។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សេចក្តីប្រកាសអំពីការកាត់បន្ថយពន្ធគយនេះបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាននិយាយកាលពីខែមុនថា ទីក្រុងហាណូយកំពុងពិនិត្យមើលវិធានការពន្ធគយដើម្បីលើកទឹកចិត្តឱ្យមានការបង្កើនការនាំចូលទំនិញពីសហរដ្ឋអាមេរិក។

ឱនភាពពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសវៀតណាមមានច្រើនជាងគេទី៣ បន្ទាប់ពីប្រទេសចិន និងម៉ិកស៊ិក ហើយប្រទេសនេះមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា វៀតណាមអាចជាគោលដៅសំខាន់នៃការដំឡើងពន្ធគយរបស់សេតវិមាន ដែលបានបង្កក្តីបារម្ភនៅទូទាំអទីផ្សារពិភពលោក។

សេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទនៅលើទំព័រព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា៖ «ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ តទៅ ទំនិញមួយចំនួនដូចជា រថយន្ត ឈើ អេតាណុល ជើងមាន់កក ភីស្តាជីអូ (pistachios) អាល់ម៉ុន ផ្លែប៉ោមស្រស់ ផ្លែឈឺរីជាដើម នឹងស្ថិតក្នុងប្រភេទទំនិញដែលទទួលបានការអនុគ្រោះពន្ធនាំចូលថ្មី»។

សេចក្តីប្រកាសនេះបានបន្ថែមថា ពន្ធគយនាំចូលលើរថយន្តមួយចំនួននឹងត្រូវកាត់បន្ថយពាក់កណ្តាល ហើយអត្រាពន្ធគយសម្រាប់ឧស្ម័នធម្មជាតិរាវនឹងធ្លាក់ចុះពី ៥ភាគរយមកត្រឹម ២ភាគរយ។

ពន្ធលើជើងមាន់កកនឹងត្រូវបានកាត់បន្ថយពី ២០ភាគរយមកនៅត្រឹម ១៥ភាគរយ គ្រាប់ pistachios ដែលគ្មានសំបកនឹងត្រូវកាត់បន្ថយពី ១៥ភាគរយមកនៅត្រឹម ៥ភាគរយ ហើយសម្រាប់អាល់ម៉ុននឹងធ្លាក់ចុះពី ១០ភាគរយមកនៅត្រឹម ៥ភាគរយ។

លោក Bruno Jaspaert នាយកប្រតិបត្តិនៃក្រុមហ៊ុន DEEP C ក្នុងប្រទេសវៀតណាម និងជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅប្រទេសវៀតណាមបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ខ្ញុំជឿជាក់ថា វៀតណាមកំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីទប់ស្កាត់ផលប៉ះពាល់»។ គាត់បានបន្ថែមថា៖ «ជាជាងសងសឹក ពួកគេផ្តល់ឱ្យវិញ ហើយសង្ឃឹមថានឹងទទួលបានការចាត់ទុកប្រសើរ។ ប៉ុន្តែការរំពឹងទុកជាទូទៅគឺថានឹងនៅតែមានពន្ធគយ»៕